ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម ចូលរួមជាអធិបតីក្នុងពិធីសម្ពោធហាងភីហ្សាហាត់ (Pizza Hut) សាខាចំបង នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម កៅ កោសល អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធហាង Pizza Hut សាខាចំបង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានការចូលរួមពី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូណាយធីត ហ៊្វូដ, លោកអគ្គនាយកក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ក្នុងកម្មវិធីសម្ពោធនេៈ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូណាយធីត ហ៊្វូដ បានជម្រាបថា ភីហ្សាហាត់ គឺជាស្លាកសញ្ញានៅលើពិភពលោក ហើយមានសាខាច្រើនជាង ១៨,០០០ហាង នៅក្នុងជាង១០០ប្រទេស ហើយប្រទេសកម្ពុជាគឺជាទីផ្សារទី១១០ របស់ភីហ្សាហាត់។ បច្ចុប្បន្ននេះ ក្រុមហ៊ុន យូណាធីត ហ៊្វូដ ក៏បាននាំយកសិទ្ធិផ្តាច់មុខភីហ្សាហាត់ មកកាន់ទីផ្សារប្រទេសកម្ពុជា ហើយមានផែនការពង្រីកអាជីវកម្មមួយនេះឥតឈប់ឈរ។ ហាងភីហ្សាហាត់ សាខាទី១ ផ្សារទួលទំពូង ត្រូវបានបើកបម្រើសេវាកម្មនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សាខាទី២ ភីស្សាហាត់កាល់ម៉ែត្រ ត្រូវបានបើកដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ និងសាខាទី៣ ភីហ្សាហាត់បឹងកេងកង ដែលកំពុងប្រារព្ធពិធីសម្ពោធសាខាចំបងនៅថ្ងៃនេះ។ នៅចុងឆ្នាំ២០២១នេះ ភីស្សាហាត់កម្ពុជានឹងបើកសាខាថ្មី២បន្ថែមទៀត ហើយនៅចន្លោះ២-៣ឆ្នាំខាងមុខនេះ ភីហ្សាហាត់កម្ពុជា គ្រោងបើកសាខាប្រមាណ ៣០សាខាបន្ថែមទៀត ដែលការបើកហាងថ្មីទាំងនេះនឹងបង្កើតការងារថ្មីប្រហែលច្រើនជាង ៨០០កន្លែង សម្រាប់ប្រជាជនកម្ពុជារបស់យើង។

នាឱកាសនេៈដែរ លោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ថា ភីហ្សាហាត់គឺជាហាងភីហ្សាដែលចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ហើយាលោកស្រីពិតជារំភើបណាស់ដែលបានឃើញម៉ាកយីហោដ៏ល្បីមួយនេះមានវត្តមាននៅប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា តែងតែផ្តល់ព័ត៌មានទៅកាន់ធុរជន និងវិនិយោគិនអាមេរិក អំពីឱកាសធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា និងជួយសម្របសម្រួលក្នុងការប្រកបអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេល០២ឆ្នាំកន្លងមកក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា បានកើនឡើងប្រាំបីដងពី ៨៥០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន កើនដល់ ៦.៩ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ២០២០។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម កៅ កោសល ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា តាងនាមឱ្យ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមពិតជាមានកិត្តិយសនិងសេចក្តី សោមនស្សរីករាយ ដែលបានចូលរួម នៅក្នុងពិធីសម្ពោធជាផ្លូវការនូវហាងភីហ្សាហាត់សាខាចំបង ជាមួយលោកស្រីតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងឯកឧត្តម អស់លោក លោកស្រី និងភ្ញៀវកិត្តិយស ទាំងអស់ ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ និងសូមអបអរសាទរចំពោះ លោក គុយ វ៉ាត ដែលជានាយកក្រុមហ៊ុន United Food Group ដែលបានចំណាយទុនវិនិយោគក្នុងវិស័យម្ហូបអាហារ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ធកិច្ចកម្ពុជា។ នេះបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយាគគិនក្រៅប្រទេស មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាមគ្គុទេសក៍ឆ្នើមរបស់ប្រជាជនកម្ពុជា។ វត្តមានរបស់ភីហ្សាហាត់ នឹងរួមចំណែក បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ជួយលើកកម្ពស់វិស័យម្ហូបអាហារ និងជួយផ្គត់ផ្គង់ដល់ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីត-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាព សាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ទុចបង្អាក់ដល់ការអភិវឌ្ឍសេដ្ធកិច្ចផងដែរ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ២០២១-២០២២ ខាងមុខនេះ សេដ្ឋកិច្ចសកលលោកត្រូវបានរំពឹងថានឹងងើបទ្បើងជាបណ្តើរៗដែលទ្រទ្រង់ដោយការកើនទ្បើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្មទំនិញ ខណៈដែលវិស័យសេវាកម្ម មានកំណើនសន្សឹមៗផងដែរ។ នេះបញ្ជាក់អោយឃើញពីប្រសិទ្ធិភាព នៃការអនុវត្តវិធានការនៃការទប់ស្កាត់ជំងឺកូវីត-១៩ និងគោលនយោបាយស្តារទ្បើងវិញនៃសង្គមសេដ្ឋកិច្ច ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីត-១៩ ដែលជាយុទ្ធសាស្រ្តគន្លឹះនៃការកសាងទំនុកចិត្តរបស់វិស័យឯកជន សំដៅឈានទៅបើកដំណើរការសេដ្ឋកិច្ច និងប្រទេសទ្បើងវិញ។

ជាទីបញ្ចប់ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកបានសម្តែងការអបអរសាទរចំពោះការបើកដំណើរការ ភីហ្សាហាត់សាខាចំបង ហើយសូមជូនពរដល់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូណាយធីត ហ៊្វូដ សូមទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មនេះ៕

https://s1.moc.gov.kh/mocspace/mocspace_1639450400806.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401035.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450400702.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401075.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401326.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401146.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401179.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401337.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401155.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450400895.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401049.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401106.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401238.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401284.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401148.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401570.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401239.jpg
https://s1.moc.gov.kh/mocspace/mocspace_1639450401302.jpg