ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ត្រូវបានប្រកាសបើកការប្រកួតនៅព្រឹកនេះ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការអញ្ជើញចូលរួពី ឯកឧត្តម ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW និងកីឡាករ-កីឡាការិនី ជាតិជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡា ទោចក្រយានទាំងអស់ និងបណ្តាក្រុមហ៊ុនដៃគូឧបត្ថម្ភនានា ក្នុងកិច្ទសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងគុណភាព ជាពិសេសអាជ្ញាធរខេត្តសៀមរាប ដែលបានសហការគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដែលញុំាងឱ្យកម្មវិធីនេះ ទទួលបានកីឡាករ-កីឡាការិនី ចូលរួមបានយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើដល់មន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។ ជាពិសេសបានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតីកីឡា ដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និងត្រូវមានការយោគយល់គ្នា គោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា សល់តែជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាពេលខាងមុខនេះ នឹងដល់ពេលប្រទេសកម្ពុជា ហើយយើងធ្វើជាម្ចាស់ផ្ទះ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះម្តងហើយ។ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរ៖ ទី១- ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី។ ទី២- ការឈ្នះមេដាយ គឺត្រឹមត្រូវយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយ ដោយរំលោភបំពានច្បាប់ ឬលក្ខនិ្តកៈនៃការប្រកួតឡើយ។

ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើយើងមិនអាចទប់ស្កាត់ជំងឺកូវីដ-១៩ បានទាន់ពេលវេលាទេ យើងក៏មិនអាចប្រារព្វពិធីបើកការប្រកួតនេះបានដែរ ហើយនេះសុទ្ធតែជាលទ្ធផលនៃការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយយុទ្ធសាស្រ្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស សម្រេចបានលឿនជាងផែនការ ដែលបានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងឈានដល់ការបើកប្រទេសឡើងវិញ ព្រមជាមួយនឹងការធ្វើសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

សូមជម្រាបជូនថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យកីឡាជាតិឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប រៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា៕

https://s1.moc.gov.kh/mocspace/mocspace_1642046832334.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046831944.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832089.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832214.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832457.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832383.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832469.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832215.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832258.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832518.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832191.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832489.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832073.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832551.jpg
https://s1.moc.gov.kh/mocspace/mocspace_1642046832366.jpg