ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខមន្រ្តីក្រោមឱវាទ និងពង្រឹងប្រសិទ្ធភាពការងារ ឱ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បរិយាកាសធុរកិច្ចនៅកម្ពុជា កំពុងមានភាពល្អប្រសើឡើងពីមួយទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងក៏សាង បទដ្ឋានគតិយុត្តដើម្បីគាំពារ ដែលច្បាប់ទាំងនោះបានចូលជាធរមានរួចហើយ និងខ្លះទៀតកំពុងរៀបចំដាក់ជូនស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែម និងអនុម័ត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ធ្វើពិពិធកម្មទីផ្សារ ជំរុញការនាំចេញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន ព្រមទាំងកំពុងបន្តស្វែងរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងតំបន់ ជាហូរហែ។ កត្តាទាំងនេះ ទាមទារឱ្យមន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់ក្នុងការបំពេញការងារ ពង្រឹងគុណភាពការងារ និងអភិវឌ្ឍន៍ចំណេះដឹងបន្ថែមជាប្រចាំ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប. ទាំងអស់ ត្រូវបន្តខិតខំពង្រឹងចំណេះដឹងខ្លួនបន្ថែមទៀត ទាំងជំនាញបច្ចេកទេស និងភាសាបរទេស តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព។ ម្យ៉ាងវិញទៀត ថ្នាក់គ្រប់គ្រងត្រូវចេះប្រើប្រាស់មន្រ្តីរបស់ខ្លួនឱ្យអស់លទ្ធភាព និងត្រូវចេះបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ ទៅតាមជំនាញបច្ចេកទេសដែលពួកគេមាន។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ រួមមាន៖ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ តាមរយៈការបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្ដល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្រ្តីក្រោមឱវាទ ចូលួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្ថែមការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចេះរក្សាគម្លាតសង្គម ព្រមទាំងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបំពាក់មេដាយជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពាណិជ្ចកម្ម និងសាខា ក.ប.ប. ដែលមានស្នាដៃក្នុងការខិតខំបំពេញការងារជូនអង្គភាព នាពេលកន្លងមកផងដែរ៕

https://s1.moc.gov.kh/mocspace/mocspace_1645413489100.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489115.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413488965.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489052.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413488935.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489302.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413488975.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489511.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489587.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489341.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489783.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489566.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413490526.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489956.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489743.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489780.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489407.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489979.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489978.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413489992.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413490586.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413490332.jpg
https://s1.moc.gov.kh/mocspace/mocspace_1645413490384.jpg