ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធអគារលេខាធិការដ្ឋាន និងកម្មវិធីបូកសរុបរបាយការណ៍វឌ្ឍនភាពការងាររបស់សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ត្បូងឃ្មុំ)៖ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធអគារលេខាធិការដ្ឋាន និងកម្មវិធីបូកសរុបរបាយការណ៍វឌ្ឍនភាពរបស់សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដែលស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ឯម ដេត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការបឹងកេត លោកឧកញ៉ា សូ សេត និងលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំង លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រហូតសម្រេចបានសមិទ្ធផលថ្មីនាពេលនេះ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា សមិទ្ធផលថ្មីនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពផ្ទៃក្នុង ក្នុងការចូលរួមទាំងកំលាំងកាយចិត្តជួយឧបត្ថម្ភគាំទ្រ ទាំងទីតាំង និងអគារ ផុសចេញជារូបរាងឡើង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរឲ្យសភាណិជ្ជកម្មខេត្ត បន្តថែរក្សាអគារឲ្យបានល្អគង់វង្ស និងបន្តប្រមូលកសាងសមាជិក សមាជិកាសភាពាណិជ្ជកម្ម គៀងគរដៃគូរអាជីវកម្ម អ្នកវិនិយោគនានា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់ ធ្វើយ៉ាងណាឱ្យវិស័យឯកជនក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកាន់ តែរីកចម្រើនឡើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែលើកឡើងថា «វិស័យឯកជន ជាក្បាលម៉ាស៊ីន និងជាកម្លាំងចលករចូលរួមជួយបង្កើនសេដ្ឋកិច្ចកម្ពុជា» ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ កត្តាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកនូវកាលានុវត្តភាពថ្មីៗ ដែលជាក្តីសង្ឃឹមបន្ថែមសម្រាប់ពាណិជ្ជករក្នុងខេត្តត្បូងឃ្មុំទាំងអស់ថា៖

១) បន្ទាប់ពីទទួលបានភាពជោគជ័យនៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ព្រមទាំងការទទួលបានទីផ្សារថ្មីៗតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់, សេដ្ឋកិច្ច និងពាណិជ្ជកិច្ចនៅកម្ពុជា នឹងទទួលបានកំណើនបើប្រៀបនឹងឆ្នាំ ២០២១។

២) រដ្ឋាភិបាលបន្តផ្តល់ឧបត្ថម្ភធនដោយអត្រាការប្រាក់សមរម្យ តាមរយៈការបន្ថែមទុនចំនួន ១០០ លានដុល្លារបន្ថែមទៅក្នុងធនគាររដ្ឋ ២ សំដៅជំរុញវិស័យ កសិកម្ម សហគ្រាសធុនតូច និងមធ្យម និងវិស័យធុរកិច្ចឌីជីថល។

៣) ក្រសួងពាណិជ្ជកម្ម កំពុងចងក្រងឯកសារជំនួយស្មារតី ដោយផ្តោតលើទំនិញយុទ្ធសាស្ត្រសម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀងសេរី ដែលកម្ពុជាជាប្រទេសហត្ថលេខី។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកសារនេះនឹងក្លាយជាបណ្តុំព័ត៌មានសម្រាប់ ពាណិជ្ជករ កសិករ និងសិប្បករទាំងអស់ក្នុងការកំណត់ និងជ្រើសរើសផលិផលរបស់ខ្លួន ដើម្បីទទួលបានពន្ធសូន្យភាគរយ ក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅលើទីផ្សារអន្តរជាតិ ដែលកម្ពុជាទទួលបាន។

គួរកត់សំគាល់ថា៖ អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ជាសមទ្ធិផលថ្មីដែលកើតឡើងតាមការចូលរួមចំណែកពីសមាជិក សមាជិកានៃសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំទាំងមូល ហើយអគារនេះនឹងក្លាយជានិមិ្មតរូបនៃសាមគ្គីភាព និងក្រិត្យានុភាពនៃអ្នកជំនួញប្រចាំខេត្តត្បូងឃ្មុំទាំងមូល៕

https://s2.moc.gov.kh//mocspace/news/images/mocspace_1646019636.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019648.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019659.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019670.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019683.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019694.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019703.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019715.jpg
https://s2.moc.gov.kh//mocspace/news/images/mocspace_1646019726.jpg