ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធរថយន្ដថ្មីម៉ាក CHANGAN ជាផ្លូវការរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើកពិធីសម្ពោធរថយន្ដថ្មីម៉ាក CHANGAN ជាផ្លូវការរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងសហការី សមាគមធុរកិច្ច ធុរជនវិស័យឯកជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា ក្រុមហ៊ុន RMA (Cambodia) គឺជាក្រុមហ៊ុនមួយដែលកំពុងតែឈានមុខគេក្នុងប្រទេសកម្ពុជាដែលបាននាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនរួមមាន៖ រថយន្ដ Ford រថយន្ដ Jaguar និង Land Rover គ្រឿងចក្រកសិកម្មត្រាក់ទ័រម៉ាក John Deere រថយន្ដដឹកទំនិញម៉ាក Fuso គ្រឿងចក្រឧស្សាហកម្មម៉ាក JCB រថយន្ដនិងឧបករណ៍សម្អាតម៉ាក Hako, Power Boss, Minuteman Forklift លើកដាក់ទំនិញម៉ាក TCM និងម៉ូតូកង់បីម៉ាក Piaggio។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានបង្កើតរោងចក្រដំឡើងរថយន្ដ Ford ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុនបានសម្រេចនាំចូលផ្ដាច់មុខនូវរថយន្ដម៉ាក CHANGAN ម៉ូឌែល CS35 PLUS និង CS75 PLUS មកកាន់ទីផ្សារប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដោយផ្ដល់ជូនដល់អតិថិជននូវរថយន្ដដែលមានភាពទំនើបស៊ីវិល័យ ជាមួយនឹងតម្លៃសមរម្យ។

CHANGAN មានជម្រើសរថយន្ដជាច្រើនប្រភេទដូចជា រថយន្ដដឹកអ្នកដំណើរ រថយន្ដពាណិជ្ជកម្ម រថយន្ដSUV និងរថយន្ដអគ្គិសនីជាដើម ព្រមទាំងមានវិស្វករច្រើនជាង ១០,០០០នាក់ និងមានអ្នកបច្ចេកទេសជំនាញមកពី២៤ប្រទេសជុំវិញពិភពលោក ហើយកំពុងវាយលុកទីផ្សារធំៗជាង៤០ប្រទេសដូចជា សហភាពអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត អេស៊ីប កាតា អាហ្សង់ទីន កូឡុំប៊ី ឈីលី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ប៉ាគីស្ថាន និងរុស្សីផងដែរ។

ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អ និងជាពិសេសបានធ្វើឱ្យប្រជាជនកម្ពុជាចំនួនភាគច្រើនលើសលុបអាចជៀសផុតពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ តាមរយៈការរកវ៉ាក់សាំងមកចាក់ជូនប្រជាជនកម្ពុជាបានទាន់ពេលវេលា ដែលធ្វើឱ្យកម្ពុជាមានឱកាសបើកប្រទេសឡើងវិញដូចសព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះក្រុមហ៊ុន RMA (Cambodia) PLC. ដែលបានចាប់ដៃគូរសហការយ៉ាងល្អជាមួយក្រុមហ៊ុនផលិតរថយន្ដ CHANGAN ដែលជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់អន្ដរជាតិ ដោយបាននាំយកនូវរថយន្ដស៊េរីទំនើបម៉ាក CHANGAN មកលក់នៅកម្ពុជា ហើយយើងសង្ឃឹមថានឹងមានអតិថិជនគាំទ្រយ៉ាងច្រើន ទាំងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្ម និងបន្ដការកែទម្រង់ស៊ីជម្រៅ ប្រកបដោយភាពម៉ឺងម៉ាត់និងប្រាកដប្រជា ក៏ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅរកវិស័យដែលមានសក្ដានុពល ដើម្បីរក្សាកំណើនក្នុងរយៈពេលមធ្យមនិងវែង ប្រកបដោយចីរភាព ដែលធានាដល់ការធ្វើធុរកិច្ចរបស់ពាណិជ្ជករ-វិនិយោគិនរបស់កម្ពុជា និងបរទេសប្រកបដោយទំនុកចិត្ដខ្ពស់ជាទីបំផុត។

នៅកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកទឹកចិត្ដឱ្យពាណិជ្ជករ វិនិយោគិន សហគ្រិន ធុរជនទាំងក្នុងនិងក្រៅប្រទេស ចូលរួម និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្ដានុពលដែលកម្ពុជាមាន ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀតលើកិច្ចការធុរកិច្ច និងវិនិយោគដូចជា ការសម្ពោធដាក់តាំងបង្ហាញរថយន្ដស៊េរីទំនើបម៉ាក CHANGAN, Model CS35 PLUS និង CS75 PLUS ដែលនាំចូលដោយក្រុមហ៊ុន RMA នាពេលនេះ ហើយប្រការទាំងនេះនឹងជួយឱ្យក្រុមហ៊ុន RMA (Cambodia) និងក្រុមហ៊ុន CHANGAN ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីពេញចិត្ដ និងជោគជយ័ជានិច្ចនិរន្ដរ៍៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984312.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984198.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984267.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984457.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984577.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984223.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984439.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984425.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984533.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984498.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984335.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984371.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984361.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984713.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984609.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984628.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1653877984443.jpg