ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩" នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់សុន្ទរកថា ស្តីពីបទពិសោធន៍ និងការរួមចំណែករបស់កម្ពុជាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងសិក្ខាសាលា ស្តីពី "ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩" ដែលត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានទស្សនវិស័យអាស៊ី។ សិក្ខាសាសានេះមានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គទូតនានានៅកម្ពុជាផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងអាស៊ាន និងគូសរំលេចនូវសមិទ្ធផលសំខាន់ៗដែលកម្ពុជាបានចូលរួមចំណែកក្នុងពេលដែលកម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ានឆ្លាស់វេនចំនួន ៣ លើកកន្លងមក ចាប់តាំងពីក្លាយសមាជិកពេញសិទិ្ធអាស៊ានក្នុងឆ្នាំ១៩៩៩ ។

នាឱកាសនោះ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញនូវកាតព្វកិច្ច និងការចូលរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការលើកកម្ពស់តួនាទីអាស៊ានក្នុងសកលលោក។

គួរបញ្ជាក់ផងដែរថា នាឆ្នាំ២០២២ នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ានឆ្លាស់វេនជាលើកទី ៣ ចាប់តាំងពីក្លាយជាសមាជិកពេញសិទ្ធិឆ្នាំ១៩៩៩ មក។ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបានកំណត់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន ១៩ ក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ ៖

(១) លើកកម្ពស់ដល់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(២) កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន

(៣) អាស៊ានដែលប្រកបដោយសមាហរណកម្ម បរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង

(៤) សាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើននិងអភិវឌ្ឍន៍៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1654571894482.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571894518.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571894263.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571894522.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654571894576.jpg