ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក តាមប្រព័ន្ធវីដេអូ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ WTO ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមរដ្ឋមន្ដ្រីពាណិជ្ជកម្មសហភាពអារ៉ាប់រួម និងលោកជំទាវរដ្ឋលេខាធិការនៃប្រទេសស្វីស។ តាមរយៈកិច្ចពិភាក្សានៃកិច្ចប្រជុំរដ្ឋមន្ដ្រីពាណិជ្ជកម្មនៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កន្លងទៅថ្មីៗនេះ លោកជំទាវអគ្គនាយិកាអង្គការ WTO បានរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណង ជម្រាបជូនសមាជិកនៃអង្គការ WTO ដែលចូលរួម អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។

ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គនាយិកាអង្គការ WTO បានថ្លែងអរគុណ និងជម្រាបជូនអង្គប្រជុំអំពីទិដ្ឋភាពទូទៅនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២។ ក្នុងនោះ លោកជំទាវបានលើកឡើងអំពីបញ្ហា និងប្រធានបទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ ដែលមានដូចជា៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។

ជាមួយគ្នានេះ លោកជំទាវអគ្គនាយិកាបានស្នើដល់អង្គប្រជុំ ឱ្យព្យាយាមរកចំណុចឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ និងសមាជិកអង្គការ WTO ដើម្បីជំរុញ និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ MC12 ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិកអង្គការ WTO ទាំងមូល។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ លោកជំទាវអគ្គនាយិកា និងលេខាធិការដ្ឋានអង្គការ WTO ដែលបានជួយសម្របសម្រួល និងរៀបចំសន្និសីទ MC12 នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីឧបត្ថម្ភធនជល គួរផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment - SDT) ដោយមានភាពបត់បែន ជូនប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនោះមានប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទ MC12 ចំនួនដូចជា ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល -ល- ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោកជំទាវអគ្គនាយិកា និងអគ្គក្រុមប្រឹក្សាអង្គការ WTO ដែលបានសម្របសម្រួល សំណើរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ពាក់ព័ន្ធនឹងការស្នើសុំការរក្សាការអនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយបន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ LDCs និងកញ្ចប់នៃវិធានការគាំទ្រ ក្នុងអនុគណៈកម្មការ LDC ។

ជាកិច្ចចុងក្រោយ លោកជំទាវអគ្គនាយិកា បានថ្លែងអំណរគុណចំពោះការចូលរួមពីអង្គប្រជុំនាថ្ងៃនេះ និងមានជំនឿថា សន្និសីទ MC12 ខាងមុខនេះ នឹងមានការចូលរួមយ៉ាងសកម្មពីបណ្ដាសមាជិក ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិកទាំងមូល៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393587.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393369.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393238.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393355.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393361.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393734.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393170.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393445.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393496.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1654572393946.jpg