ប្រតិភូក្រសួងពាណិជ្ជកម្មចុះទស្សនកិច្ចស្វែងយល់ពីច្រវាក់ផលិតកម្មនៃការផលិតសំពត់សូត្រ តាមរបៀបខ្មែរបុរាណរបស់សហគមន៍អ្នកផលិតសំពត់សូត្រខ្មែរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សៀមរាប)៖ អមជាមួយព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ដើម្បីស្វែងយល់ពីច្រវាក់ផលិតកម្មនៃការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ក្នុងគោលបំណងជួយជំរុញផ្សព្វផ្សាយ និងស្វែងរកទីផ្សារជូនសហគមន៍អ្នកផលិតសំពត់សូត្រនេះ។

វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ស្ថិតនៅស្រុកអង្គរធំ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ស្ថាបនិកជនជាតិជប៉ុន លោក ម៉ូរីម៉ូតូ គីគូអុ (Morimoto Kikuo) បានបង្កើតសិប្បកម្មនេះឡើងនៅឆ្នាំ១៩៩៦ ក្នុងរាជធានីភ្នំពេញ និងបានប្តូរទៅកាន់ខេត្តសៀមរាប នៅឆ្នាំ២០០០។ រយៈពេលជាង២៦ឆ្នាំកន្លងមកនេះ សិប្បកម្មបន្តការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ដោយប្រើប្រាស់វត្ថុធាតុដើមសម្រាប់ការផលិតពណ៌ផ្សំពីធម្មជាតិទាំងអស់ និងការរចនាម៉ូត ”គោម” នៃសំពត់សូត្រតាមបែបបុរាណពីដូនតាខ្មែរ ដើម្បីជួយអភិរក្ស និងជំរុញការផលិតសូត្រតម្បាញខ្មែរតាមក្បួនតម្បាញបុរាណ។

ក្នុងឱកាសនៃការចុះទស្សនកិច្ចនោះ ប្រតិភូក្រសួងពាណិជ្ជកម្មបានស្វែងយល់ពីរាល់ដំណាក់កាលនៃការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ទាំងការជ្រើសរើសសរសៃសូត្រ ការផលិតពណ៌ ការជ្រលក់ពណ៌ ការចងគាត និងការត្បាញជាដើម និងបានជំរុញលើកទឹកចិត្តសហគមន៍អ្នកផលិតសំពត់សូត្រនេះ បន្តអភិរក្ស និងផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ជាពិសេសជំរុញលើកទឹកចិត្តសហគមន៍អ្នកផលិតចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម និងព្រឹត្តិការណ៍តាំងពិព័រណ៍ជាតិ និងអន្តរជាតិនានា ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស្វែងរកទីផ្សារ។

តាមការរៀបរាប់របស់អ្នកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) បានឱ្យដឹងថា សិប្បកម្មនេះមានពលរដ្ឋក្នុងសហគមន៍ចាស់ក្មេងជាច្រើនគ្រួសារ បានចូលរួមក្នុងច្រវាក់ផលិតកម្ម ដោយមានផលិតសំពត់សូត្រខ្មែរ ហូល ផាមួង សារុង ក្រមា កន្សែងបង់ក រាល់ដំណាក់កាលនៃការផលិតគឺប្រើប្រាស់របៀបបុរាណពីដូនតាខ្មែរ និងការផលិតដោយដៃផ្ទាល់ ជាពិសេសជ្រើសរើសសរសៃសូត្រដែលមានគុណភាពខ្ពស់ និងការជ្រលក់ពណ៌ធម្មជាតិ៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1655970611137.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970610584.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970611085.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970610713.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970610798.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970611002.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970610709.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970611105.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970610969.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970610903.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1655970611062.jpg