រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យរំហូរកសិផលពោតក្រហម និងសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារសម្រាប់ខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ពោតក្រហម និងមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលំហូរកសិផលពោតក្រហម និងសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារសម្រាប់ខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ពោតក្រហម និងមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។

ក្នុងដំណើរការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិននិងខេត្តបាត់ដំបង លោកប្រធានមន្ទីរពាណិជ្ជកម្មបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងសៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្ម ជាច្រើនរូប។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួង បានចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពនៃការនាំចេញកសិផលនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងពិនិត្យផ្ទាល់នៅតាមទីតាំងសៃឡូមួយចំនួន នៅក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាលជាមួយតំណាងសៃឡូទាំងនោះ ដើម្បីសិក្សារស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានា ជុំវិញការអភិវឌ្ឍខ្សែច្រវាក់តម្លៃទីផ្សារលើផលិតផលពោតក្រហម និងមៀនប៉ៃលិន។

ជាមួយគ្នានេះ ក្រុមកសិករផលិតតំណាងសៃឡូ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីបញ្ហាមួយចំនួន ដែលកំពុងជួបប្រទះ រួមមាន៖ ការទិញធាតុចូលកសិកម្មថ្លៃ បច្ចេកទេស និងស្តង់ដាសម្រាប់ផលិតផលពោតនិងមៀនប៉ៃលិន ជាពិសេស កសិករនៅមិនទាន់បានយល់ដឹងពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) ជាដើម។ លើសពីនេះ ក្រុមផលិតករតំណាងសៃឡូ បានលើកជាសំណូមពរមួយចំនួនជូន ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីផ្តល់អនុសាសន៍ណែនាំ និងផ្ដល់ដំណោះស្រាយ ផងដែរ។

ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ក្នុងការសិក្សា និងដោះស្រាយបញ្ហាប្រឈមជូនសមាគម សហគមន៍ និងសៃឡូ តាមរយៈការសហការជាមួយគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដ៏ល្អប្រសើមួយប្រកបដោយប្រសិទ្ធភាព។ អនុសាសន៍ទាំងនោះរួមមាន៖

១-ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យលទ្ធភាពចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) និងនីតិវិធីនៃការនាំចេញ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

២-ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួល និងពន្លឿននូវការចេញលិខិតស្នើសុំការបញ្ជាក់ភូត្តគាមអនាម័យដល់ក្រុមហ៊ុននាំចេញ និងសៃឡូបញ្ជាទិញពោតក្រហម និងមៀនប៉ៃលិន។

៣-ស្នើសុំក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពធ្វើសុខដុមនីយកម្មលើរថយន្តដឹកទំនិញរបស់ឈ្មួញទិញពោតក្រហមឲ្យស្របទៅតាមស្តង់ដាកំណត់របស់ភាគីថៃ នៅក្នុងរដូវប្រមូលផលពោតក្រហមក្នុងចន្លោះ ខែកក្កដានិងខែសីហា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនឬឈ្មួញនាំចេញទៅកាន់ប្រទេសថៃ។

ជាលទ្ធផល ក្រុមអ្នកផលិត តំណាងក្រុមហ៊ុនកែច្នៃ និងតំណាងសៃឡូទាំង៣ខេត្ត មានការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រីកការនាំចេញផលិតសក្តានុពល ដែលនេះគឺជាការផ្តល់កម្លាំងចិត្តដ៏មុតមាំដល់ក្រុមកសិករផលិតនៅក្នុងការពង្រីកផលិតកម្មសម្រាប់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេសដូចជា ប្រទេសថៃ និងចិនជាដើម។

សូមជម្រាបជូនថា ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់ការកែច្នៃ ជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ បច្ចុប្បន្ន ផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ ១៤៥.៩៨៣ ហិកតា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង។ តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង៤ខេត្ត កាលពីនេះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន រួចមក ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិនក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ និងបញ្ជាទិញកសិផលពោតក្រហម ក្នុងតម្លៃតម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក) សម្រាប់ពោតស្នូលសំណើម ២៩%៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1658287055301.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287044060.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287053761.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287050354.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287049488.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287048158.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287044747.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287048897.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287043200.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287056339.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287044099.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287043922.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287058381.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287054703.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287054318.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287059830.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658287055271.jpg