ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃដឹកនាំដោយ លោកស្រី Doung Jai សមាជិកសភាពាណិជ្ជកម្មថៃ ដែលមានការចូលរួមពី ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។

ជាកិច្ចចាប់ផ្តើម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានស្វាគមន៍គណៈប្រតិភូថៃ មកកាន់ប្រទេសកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កម្ពុជា-ថៃជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់វិស័យទាំងក្នុងក្របខណ្ឌទ្វេភាគី និង ក្របខណ្ឌអាស៊ាន ដែលពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកាត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

ថ្លែងក្នុងឱកាសនោះ លោកស្រី Doung Jai បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា គោលបំណងនៃ គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ គឺដើម្បីជម្រាបជូនពីគម្រោងដំណើរទស្សនកិច្ច ពាណិជ្ជកម្មរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដឹកនាំដោយប្រធានសភាពាណិជ្ជ-កម្មថៃមកកាន់កម្ពុជាចាប់ពី ថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីវិស័យឯកជនថៃចំនួន៧០ក្រុមហ៊ុន។ គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថាក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយ សភាពាណិជ្ជកម្មថៃក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានទំហំទឹកប្រាក់ជាង ៣,៦៤៥លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំទឹកប្រាក់ជាង ១៨៥លានដុល្លារអាមេរិក និងថៃនាំចេញមកកម្ពុជា ក្នុង ទំហំទឹកប្រាក់ជាង ៣,៤៦០លានដុល្លារអាមេរិក៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629512.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629575.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629412.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629217.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629272.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629727.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658719629549.jpg