គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការនេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន ដើម្បីឱ្យសមាជិក គ.ប.ក. ទាំងអស់បានជួបប្រជុំគ្នាជាលើកដំបូង និងបង្ហាញខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀបរបបការងាររបស់ គ.ប.ក. និងការងារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការអញ្ជើញជាធិបតីដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃ គ.ប.ក. ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអបអរសាទរចំពោះសមាជិក សមាជិកានៃ គ.ប.ក. ដែលបានតែងតាំងថ្មី និងបានបង្ហាញពីសុទ្ធិដ្ឋិនិយមចំពោះការបើកកិច្ចប្រជុំជាលើកដំបូងរបស់ គ.ប.ក. ដែលនេះជាការបង្ហាញពីការចាប់ផ្ដើមអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជាត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាប្រកាសដាក់ឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/១០២១/០១៣ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ និងបានធ្វើឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំង ១០ (AMS) មានច្បាប់ស្ដីពីការប្រកួតប្រជែងទាំងអស់គ្នា ដូចបានកំណត់ក្នុងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥ ហើយការអនុម័តច្បាប់នេះធ្វើឱ្យកម្ពុជាបានបំពេញកាតព្វកិច្ចមួយរបស់កម្ពុជាសម្រាប់អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមមាត្រា៤ នៃច្បាប់ស្ដីពីការប្រកួតប្រជែង តម្រូវឱ្យបង្កើតគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាអ្នកទទួលបន្ទុកដឹកនាំ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ហើយតាមការតម្រូវនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចចុះហត្ថលេខា លើអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងបានចេញសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពជា «គ.ប.ក.» ដែលមានសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ៥រូប ជាបុគ្គលឯករាជ្យ (អតីតចៅក្រម ១រូប អ្នកសេដ្ឋកិច្ច ២រូប និងអ្នកច្បាប់ ២រូប) ដែលឆ្លងកាត់តាមការជ្រើសរើស ហើយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការ ដើម្បីអនុញ្ញាតឱ្យ គ.ប.ក. ទទួលបាននូវសិទ្ធិពេលលេញក្នុងការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សម្រាប់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងដើរតួនាទីជាអ្នកស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ជាអ្នកធ្វើសេចក្ដីសម្រេចក្នុងការកំណត់ថា បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើភស្ដុតាងដែលផ្ដល់ដោយមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។ ដូចនេះ សមាសភាព គ.ប.ក. តម្រូវឱ្យមានការចូលរួមពីបុគ្គលឯករាជ្យអតីតចៅក្រម អ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ ដែលមានជំនាញច្បាស់លាស់ចូលរួមធ្វើសេចក្ដីសម្រេចក្នុងការកំណត់បទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកបដោយភាពត្រឹមត្រូវនិងពេញលេញ។

ទន្ទឹមនឹងការបង្កើតដោយជោគជ័យនូវគណៈកម្មាធិការប្រកួតប្រជែងកម្ពជា «គ.ប.ក.» នេះ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួន ២៨៥រូប បានបំពេញនីតិវិធីសម្បថ នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ចប់សព្វគ្រប់ផងដែរ ដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ហើយបច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការរបស់គ.ប.ក. បាននិងកំពុងរៀបចំនូវបទប្បញ្ញត្តិមូលដ្ឋានមួយចំនួន សម្រាប់គាំទ្រដល់ដំណើរការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព នឹងបង្កើតនូវទីលានប្រកួតប្រជែងប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីប្រកួតប្រជែងគ្នាតាមរយៈមធ្យោបាយផ្សេងៗ រួមមាន នវានុវត្តន៍ គុណភាពខ្ពស់ និងតម្លៃទាបនៃផលិតផលនិងសេវា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងធើ្វឱ្យមានកំណើនសេដ្ឋកិច្ចជាតិទៀតផង។

ជាលទ្ធផល អង្គប្រជុំបានឯកភាពអនុម័តលើបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀបរបបការងាររបស់ គ.ប.ក. ដើម្បីសមាជិក គ.ប.ក. ទទួលអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្តពិភាក្សាលើកិច្ចការផ្សេងៗនៅក្នុងកិច្ចប្រជុំបន្ទាប់៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1658906833334.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835466.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906834761.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906834649.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835487.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835513.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835908.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906836318.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835743.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835374.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906836019.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835576.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835182.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835694.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835495.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835733.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835450.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835860.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906834875.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835362.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835479.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658906835432.jpg