ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួម កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ដែលបានរៀបចំឡើងតាម ប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភា- ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប មកពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការីបានធ្វើបទបង្ហាញអំពីសាវតា និងសេចក្តីសង្ខេបស្តីពី សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ជូនអង្គប្រជុំទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានរៀបចំ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០” នេះឡើង ប្រកបដោយអត្ថប្រយោជន៍ និងមានលក្ខណៈចាំបាច់សម្រាប់ប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដោយគោលនយោបាយនេះ បានគ្របដណ្តប់លើបញ្ហាចំពោះមុខ ព្រមទាំងមានការរៀបចំយុទ្ធសាស្ត្រ ផែនការសកម្ម ភាពយន្តការ និងអមដោយសូចនាករសំខាន់ៗ សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែច្បាស់លាស់ បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម ស្នើឱ្យអង្គប្រជុំពិនិត្យ និងពិចារណា លើចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើ ប្រាស់ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ត   លេខា ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ចំណុចទាំងនោះ រួមមាន៖ ការស្នើឱ្យដាក់ចូលនូវពាក្យពេចន៍ យន្តការ និងការដោះស្រាយវិវាទការពារអ្នកប្រើប្រាស់ ឱ្យស្របទៅតាមប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័នដែលបានបង្កើតរួចហើយ ក្នុងចំណុច៦.២ និងឧបសម្ព័ន្ធ១ នៃ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃស- ណីយ៍។ បន្ថែមពីនេះទៅទៀត ក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យមានការបរិយាយលម្អិតនូវផែនការសកម្មភាពនៅក្នុងចំណុចទី៤ ទី៤.៣ ទី៤.៤ និង ទី៤.៥ ដើម្បីងាយស្រួលក្នុងការយកផែនការនេះទៅអនុវត្ត ដើម្បីឆ្លើយតបទៅនឹងផែនការដែលត្រូវជំរុញឱ្យក្រុមហ៊ុនអាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាថ្មី និងប្រព័ន្ធឌីជីថលដែលឯករាជ្យ (Neutral Technology) ឱ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន សម្រាប់កិច្ចការតាមដានមធ្យោបាយដឹកជញ្ជូន និងស្ថានភាពជាក់ស្ដែងនៃទំនិញ ការគ្រប់គ្រងវិក័យប័ត្រ និងលិខិតប្រកាសពន្ធគយក្នុងទម្រង់ជា អេឡិចត្រូនិក ព្រមទាំងប្រព័ន្ធទំនាក់ទំនងរវាងម្ចាស់អាជីវកម្មជាមួយអតិថិជន ទាំងសម្រាប់ការបញ្ជូនទំនិញក្នុងប្រទេស និងឆ្លងកាត់ព្រំដែន។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ទាក់ទងនឹងការកសាងលិខិតបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ស្នើឱ្យគិត គូរផងដែរ នូវករណីលើកលែង ដែលអនុញ្ញាតដោយច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនឹងការទទួលខុសត្រូវរបស់ម្ចាស់ អាជីវកម្មក្នុងការបញ្ជូនទំនិញដែលទាក់ទងនឹងស្ដង់ដារទំនិញ បទដ្ឋានពាក់ព័ន្ធនឹងសុវត្ថិភាព សុខភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម សិទ្ធិស្របច្បាប់នៃពលរដ្ឋដែលជាអតិថិជន (Lawful right and prudential rights of our people) និង ផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ។

នៅកិច្ចបញ្ចប់ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើចំណុចនីមួយៗ នៃសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងពិភាក្សា សំដៅឱ្យសេចក្តីព្រាងគោល នយោបាយដ៏មានសារសំខាន់នេះ កាន់តែមានសុក្រិតភាព និងល្អប្រសើរ ជាពិសេសក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២ ២០៣០ ដែលជាឯកសារគតិយុទ្ធដ៏មានសក្តានុពលមួយ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ នាពេលអនាគត៕

https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956379.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956725.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975957133.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975957213.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956503.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956372.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956588.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956864.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956962.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956929.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1658975956808.jpg