ឯកឧត្តម សុខ សុភ័ក្ត្រ ធ្វើបច្ចុប្បន្នភាពគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដល់គណៈប្រតិភូរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈប្រតិភូរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ដឹកនាំដោយបណ្ឌិត Jinho Choi ដែលជាប្រធានបេសកកម្ម និងជាអនុប្រធានក្រុមរបស់ AMRO។ កិច្ចប្រជុំផ្តោតសំខាន់លើការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ពិសេសបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលកម្ពុជាបានចុះហត្ថលេខា និងកំពុងចរចាជាមួយដៃគូពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបគណៈប្រតិភូ អំពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកំណត់ និងដាក់ឱ្យអនុវត្តនូវយន្តការគាំពាសង្គម-សេដ្ឋកិច្ចក្នុងបរិការណ៍ជំងឺរាតត្បាតកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស និងគោលនយោបាយអនុគ្រោះចំពោះវិស័យងាយរងគ្រោះ រួមមានទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ ឯកឧត្តមបានជម្រាបថា ដោយសារគោលនយោបាយគាំពារទាំងនេះ កម្ពុជានៅតែសម្រេចបាននូវកំណើននាំចេញក្នុងរង្វង់ ២៦% ក្នុងឆមាសទីមួយឆ្នាំ២០២២នេះ បើទោះបីជាវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែននៅបន្តបង្កផលប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលក្តី។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមការងារ AMRO ពាក់ព័ន្ធនឹងទស្សនៈវិស័យរបស់កម្ពុជាក្នុងបរិការណ៍នៃវិបត្តិសេដ្ឋកិច្ចសកល ពិសេសអតិផរណាខ្ពស់នៅបណ្តាប្រទេសសំខាន់ៗ និងការរាំងស្ទះរំហូរពាណិជ្ជកម្មដែលជាផលវិបាកពីវិបត្តិកូវីដ-១៩ និងសង្រ្គាម រុស្សី-អ៊ុយក្រែន ឯកឧត្តមបានជម្រាបថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានសុទិដ្ឋិនិយមខ្ពស់ក្នុងមាគ៌ាពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដោយសារកម្ពុជាទទួលបានច្រកទីផ្សារទូលាយ និងមាននិរន្តរភាពជាងមុនផ្តល់ឱ្យក្រោម FTAs ដែលកម្ពុជាបានចូល ទាំងក្នុងក្របខណ្ឌអាស៊ានបូក១ ក្របខណ្ឌអាសិប និងក្របខណ្ឌទ្វេភាគី (កម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង) ជាដើម។ ម្យ៉ាងទៀត កម្ពុជាបាននឹងកំពុងសម្លឹងទីផ្សារដែលមានស្រាប់ និងទីផ្សារថ្មី តាមរយៈការចុះពិធីសារ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដើម្បីនាំចេញផលិតផលកសិកម្មកម្ពុជា ទៅទីផ្សារពិភពលោកដែលកំពុងរងការគម្រាមកំហែងពីវិបត្តិអសន្តិសុខស្បៀងនាពេលបច្ចុប្បន្ន។

ឯកឧត្តមបានជម្រាបបន្តថា ស្របពេលដែលកម្ពុជាបាននឹងកំពុងសិក្សាលទ្ធភាពបង្កើត FTAs ជាមួយដៃគូពាណិជ្ជកម្មសក្តានុពលផ្សេងទៀត (ឥណ្ឌា ជប៉ុន អេមីរ៉ាតអារ៉ាប់រួម..ល) រាជរដ្ឋាភិបាលក៏បានជំរុញកំណែទម្រង់ក្នុងស្រុក ដើម្បីធានាអនុលោមភាពតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិ ក្នុងនោះមានការបង្កើតច្បាប់ E-commerce, ច្បាប់ស្តីពីការប្រកួតប្រជែង, ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ច្បាប់ស្តីពីវិនិយោគថ្មី, សេចក្តីព្រាងច្បាប់ស្តីពីដើមកំណើតទំនិញ, កិច្ចសន្យាពាណិជ្ជកម្ម, ភ្នាក់ងារពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស លនិងល។ ក្រៅពីនេះ ការដាក់ចេញនូវគោលនយោបាយជំរុញឌីជីថលនីយកម្មក្នុងធុរកិច្ច-ពាណិជ្ជកម្មនិងអភិបាលកិច្ចសាធារណៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ គម្រោងពង្រីកស្ថានីយវារីអគ្គិសនី និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ លនិងល ក៏ជាយន្តការចម្បងរបស់កម្ពុជា សំដៅធានាកិច្ចសម្រួលពាណិជ្ជកម្មក្នុងនិងឆ្លងព្រំដែនប្រកបដោយតម្លាភាព និងការចំណាយទាប។ ក្រៅពីសមិទ្ធផលទាំងនេះ ភាគីទាំងពីរបានពិភាក្សាពីកិច្ចការមួយចំនួនទៀតពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ប្រកបដោយភាពស្និទ្ធស្នាល។

សូមបញ្ជាក់ថា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បាននិងកំពុងបំពេញការងារពិគ្រោះយោបល់ប្រចាំឆ្នាំដោយផ្ទាល់ (Annual Consultation Visits) ជាមួយបណ្តាស្ថាប័នរដ្ឋ-ឯកជននៅកម្ពុជា ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីស្វែងយល់ពីព័ត៌មានលម្អិត និងផ្លូវការ សម្រាប់ជាធាតុចូលដល់ការវិភាគប្រកបដោយគុណភាព និងស៊ីជម្រៅ ដើម្បីរៀបចំជារបាយការណ៍លទ្ធផលស្រាវជ្រាវស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាជារួម ដែលមានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពិគ្រោះគោលនយោបាយ និងសម្រាប់វិនិយោគិនបរទេសប្រើប្រាស់ក្នុងការពិចារណាវិនិយោគនៅកម្ពុជា។ របាយការណ៍នេះត្រូវភាគី AMRO រំពឹងថា នឹងអាចត្រូវបានបញ្ចប់នាពេលឆាប់ៗ ឬអាចបោះពុម្ពផ្សាយនៅខែកញ្ញា ឆ្នាំ២០២២ នេះ។  

https://s2.moc.gov.kh/mocspace/news/images/mocspace_1660019288691.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660019288928.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660019288761.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660019288907.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660019288989.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1660019288782.jpg