រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ ឆ្នាំ ២០២២ បានថ្លែងឱ្យដឹងថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីពិភាក្សាអំពីការវិវត្តន៍រីកចម្រើននៃសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំងសមិទ្ធិផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ការ ងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេបញ្ហាពហុភាគី និងតំបន់ផ្សេងៗ ការឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោក នាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ និងបញ្ហាវិបត្តិរវាងរុស្សី-អ៊ុយក្រែន ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថាកិច្ចចំពោះប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀត ណាម កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន និងកិច្ចពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ចំពោះកិច្ចប្រជុំពិគ្រោះយោបល់ រួមមាន កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសឥណ្ឌា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសកាណាដា រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន-ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក និង៣ប្រទេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុង នៃប្រទេសចិន រដ្ឋមន្ត្រី នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង់គ្លេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ, អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនី យកម្ម, យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់និងសកល, ការតភ្ជាប់និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ច ឌីជីថល, កិច្ចការ ពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងការរក្សាសន្តិសុខស្បៀងទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុនក្នុងការស្ដារសេដ្ឋកិច្ចតំបន់និងសកលលោកឡើងវិញ ប្រកបដោយភាពធន់និងចីរភាព។

លើសពីនេះ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើបញ្ហាថ្មីៗរួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់, ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បាតនានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការការពារពលករចំណាកស្រុក, ការអភិវឌ្ឍពលកម្មជំនាញនិងការអភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យមជាដើម។

សម្តេចតេជោ បានបន្តថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញមទៅមកតាមរយៈការទាញយកផលប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាននិងអាស៊ានបូក១ ដែលមានស្រាប់ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមាន កាល ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ ដោយឡែកទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង (អាសិប) ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារសំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀតក្នុងកិច្ចព្រៀងនេះ។ ក្នុងន័យនេះ កិច្ចព្រមព្រៀង (អាសិប) ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយដែលឯករាជ្យនិងម្ចាស់ការហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល, ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ហើយកម្ពុជានៅតែមានចំណាប់អារម្មណ៍ ផ្តល់គ្រប់លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ។

សម្តេចតេជោ បញ្ជាក់ថា បញ្ហាសំខាន់មួយទៀតដែលអាស៊ានត្រូវគិតគូបន្ថែមទៀតគឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល ។ ពិតណាស់ថា បញ្ហាថ្មីៗរួមមានវិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ជំងឺឆ្លងរាតត្បាតជាដើម កំពុងជំរុញឱ្យមាននិន្នា ការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះនឹងតម្រូវឱ្យបណ្តាប្រទេសនៅក្នុងពិភពលោក ប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្មនិងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ ផ្គង់តំបន់និងសកលលោកឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូចដែលជាបក្សពួកខ្លួននោះឡើយ។ក្នុងន័យនេះ អាស៊ានគួររួមគ្នាជាធ្លុងមួយដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

ដោយឡែកនាពេលបច្ចុប្បន្ននេះ,ពិភពលោកនិងអាស៊ានកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមក នេះក្នុង ពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធ។

នៅកិច្ចបញ្ចប់ សម្តេចជឿជាក់ថា អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ, សាមគ្គីភាពនិងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាង   សហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់ អាស៊ានគឺ “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” និង ឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់អាស៊ាន៕ 

https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896554.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896620.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896389.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896671.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896395.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896569.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896544.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896692.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208897122.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896736.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896807.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896730.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208897042.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896653.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896507.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896761.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896678.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896937.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896930.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208897083.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1663208896575.jpg