ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី២៥ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធានចំនួន ២រូប គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដោយមានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន និង អគ្គលេខាធិការអាស៊ាន ផងដែរ។

សូមជម្រាបជូនថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។តាំងពីពេលនោះមក ទំនាក់ទំនងនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌ ជា ដើម។

បន្ថែមពីនេះ ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះធ្វើឲ្យប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់អាស៊ានផងដែរ៕  

https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313575.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313528.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313554.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313590.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313472.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313586.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313582.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668574313649.jpg