តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ត្រូវបានធ្វើឱ្យប្រសើរឡើង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

ភ្នំពេញ)៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានប្រកាសក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អំពីកិច្ចចរចាការធ្វើប្រសើឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (ASEAN-Australia-New Zealand Free Trade Area upgraded) ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

សូមជម្រាបជូនថា កិច្ចចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ ត្រូវបានចុះហត្ថលេខានៅប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០៩ កំពុងត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីធានាថា នៅថ្ងៃអនាគតយើងអាចធ្វើការរួមគ្នាយកឈ្នះនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតឡើង និងដើម្បីរក្សាបាននូវស្តង់ដារអាជីវកម្មកម្រិតខ្ពស់ ប្រកបដោយប្រសិទ្ធភាព កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋ កិច្ចក្រោយការរាតត្បាតនៃជំងឺរាតត្បាត ព្រមទាំងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល និងក្នុងតំបន់។ជាក់ស្ដែង ពាណិជ្ជកម្មរវាងអាស៊ាន អូស្ត្រាលី និងណូវែលហ្សេឡង់នៅតែរឹងមាំ បើទោះបីជាទទួលរងផលប៉ះពាល់ជា សកលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។

បន្ថែមពីនេះ អាជីវករ និងធុរជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការធ្វើឱ្យប្រសើរឡើង AANZFTA នេះ តាមរយៈវិធានការតម្លាភាពដែលប្រសើរឡើង រួមមាន៖ ការចំណាយទាប និងកាត់បន្ថយពេលវេលាសម្រាប់ការនាំចេញនិងការនាំចូល; ការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ពាណិជ្ជកម្ម; កិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសេវាកម្មផ្នែកបណ្ដុះបណ្ដាលបន្ថែម; បង្កើនការចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងសកម្មភាពសេដ្ឋកិច្ច រួមទាំងលទ្ធកម្មរបស់រដ្ឋាភិបាល និងលំហូរកាន់តែរលូននៃទំនិញសំខាន់ៗក្នុងអំឡុងពេលនៃវិបត្តិផ្សេងៗ ជាដើម។

លើសពីនេះ AANZFTA មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី និងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ ព្រមទាំងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕ 

https://s2.moc.gov.kh/mocspace/news/images/mocspace_1668675261444.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668675261134.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668675261355.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668675261170.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1668675261475.jpg