ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លើកទី៤០ (40th HTLF-EI) តាមប្រព័ន្ធវីដេអូ

image

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លើកទី៤០ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម Gabriel Lim អគ្គលេខាធិការអចិន្ត្រៃយ៍សម្រាប់ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម ប្រទេសសិង្ហបុរី និងមានការចូលរួមពីប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានរបស់ប្រទេសសមាជិកអាស៊ាន និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងអគ្គលេខាធិការរងអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន ផងដែរ។ អង្គប្រជុំនេះ បានកត់សម្គាល់វឌ្ឍនភាពការងារសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ព្រុយណេ ហើយបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ ត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ ដែលនឹងប្រារព្វទ្បើងក្នុងខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ ១. ស្ថានភាពទូទៅ និងវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF) និងពិភាក្សាលើផលប៉ះពាល់ ដែលអាចកើតមានក្នុងការអនុវត្តកម្មវិធីស្តារឡើងវិញខាងលើ; ២. បច្ចុប្បន្នភាពលើការសម្រេចបានសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) របស់ព្រុយណេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១; ៣. បច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍នៅក្នុងរបាយការណ៍ ស្តីពីការពិនិត្យឡើងវិញសម្រាប់ពាក់កណ្តាលអាណត្តិនៃផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025); ៤. សេចក្តីព្រាងចុងក្រោយនៃឯកសារយុទ្ធសាស្ត្ររួមសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ (4IR); ៥. បច្ចុប្បន្នភាពលើការងារត្រៀមរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥; ៦. បច្ចុប្បន្នភាពលើការងារត្រៀមរៀបចំរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។