(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញ ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្មទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយ លោកជំទាវឧកញ៉ាធម្មមង្គលមុនី ថាយ វ៉ គង់ សំអុល និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ ពិសេសជាការបាត់បង់ឥស្សរជនកម្ពុជាដ៏ឆ្នើម និងជាថ្នាក់ដឹកនាំគម្រូមួយរូបដែលពេញមួយជីវិត សម្តេច បានលះបង់កម្លាំងកាយចិត្តបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក ជាពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដោយក្នុងគ្រប់កាលៈទេសៈបានដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងយាយជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល បានសោយសុខទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។