ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ម៉ាកដែលបានចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម ជ្រាបថា យោងតាមមាត្រា ២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ក្នុងរយៈពេល ១(មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក។ នៅពេលម៉ាកត្រូវបានចុះបញ្ជីសាឡើងវិញ ម្ចាស់ម៉ាកត្រូវប្រកាសអំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាករបស់ខ្លួន ក្នុងរយៈពេល ១(មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាកសាឡើងវិញ។
ក្នុងករណី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ដូចកាលកំណត់ខាងលើ ម៉ាកដែលបានចុះបញ្ជីរួច នឹងត្រូវលុបចេញពីបញ្ជីម៉ាក។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០២៣ ៨៦៦ ១១៤ សារអេឡិចត្រូនិក៖ [email protected] ។
អាស្រ័យដូចបានជម្រាបជូនខាងលើ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាកត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ស្របតាមការកំណត់របស់អនុក្រឹត្យខាងលើ។ សូមអរគុណ!

