News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង “កាត់ដេរនៃក្តីសង្ឃឹម” របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ម៉ាន ចិន្ដា អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោកជំទាវ ឯកឧត្ដម សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លោក Harun Erciyas ប្រធានអង្គការ Hasene ប្រចាំនៅអូទ្រីស និងជាតំណាងអង្គការ Hasene International E.V ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធគម្រោងកាត់ដេរនៃក្ដីសង្ឃឹម ដែលមានរយៈពេល ១២ខែនេះ បានផ្តោតលើការផ្ដល់ជំនាញកាត់ដេរដល់ស្រ្តីខ្មែរឥស្លាមដែលរស់នៅតំបន់ខាងលើ ដើម្បីពង្រឹងសក្តានុពល កម្លាំងចិត្ត និងឱកាសចាប់យកជំនាញកាត់ដេរក្នុងជីវភាពបាននាថ្ងៃខាងមុខ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល «គ.ត.ផ.ហ.ក.» បានថា នាពេលឆាប់ៗខាងមុខនេះ គ.ត.ផ.ហ.ក. នឹងដាក់ចេញនូវយុទ្ធនាការ នៃការធ្វើអនុលោមភាពនៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងលើកម្ពស់ការចុះបញ្ជីវិញ្ញាបនបត្រហាឡាលកម្ពុជា នៅតាមសហគមន៍មុស្លីម ដើម្បីពង្រឹងទំនុកចិត្ត និងលើកកម្ពស់ផលិតផលហាឡាលកម្ពុជា នៅក្នុងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និង RCEP ជាដើម។
Newsចូលរួមទស្សនាការប្រគំតន្ត្រី និងទស្សនីយភាពនៃការសម្ដែងរបាំប្រពៃណី រួមជាមួយការតាំងបង្ហាញផលិតផល-សេវាកម្មក្នុងស្រុក និងទំនិញនាំចេញ-នាំចូល ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលរៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កុំភ្លេចណា នៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ! ចូលរួមដោយសេរី! - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #CambodiaTradeExpo #CambodiaTradeExpo2025 #CTexpo #CTE-2025
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមក្រាបថ្វាយព្រះពរ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏ឧត្តុង្គឧត្តម ដែលព្រះអង្គបានយាងចូលជាសមាជិកសមាគត (member associé) នៃបណ្ឌិតសភាវិទ្យាសាស្រ្តឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង
News(ភ្នំពេញ)៖ នារសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ គ.ប.ក. ដើម្បីតាមដានវឌ្ឍនភាពការងារ ព្រមទាំងពិនិត្យលើរបាយការណ៍ស្ដីពីសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់ គ.ប.ក.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក គ.ប.ក. និងលេខាធិការដ្ឋាននៃ គ.ប.ក.៕
News(ហុងកុង, ចិន)៖ នារសៀលថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានអចិន្រ្តៃយនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក David Wong ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាហុងកុង និងសហការី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ នីតិវិធី និងឧត្តមានុវត្តន៍ថ្មីៗ ការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា ម៉ាកពាណិជ្ជកម្ម ការលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងការកសាងកេរ្តិ៍ឈ្មោះម៉ាក ។ល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងអំណរគុណដល់ភាគីហុងកុង នៃប្រទេសចិន ដែលបានជួយគាំទ្រដល់អង្គភាពកម្មសិទ្ធិបញ្ញាកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការតាមរយៈទស្សនកិច្ចសិក្សា ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ថ្មីៗ ការលើកកម្ពស់ចំណេះដឹងកម្មសិទ្ធិបញ្ញាជាសាធារណៈ ដើម្បីបញ្ជ្រាបព័ត៌មានទាំងអស់នេះដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យម ក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ទ្រព្យកម្មសិទ្ធិបញ្ញា និងការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ព្រមទាំងការផ្តល់ជំនួយបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាក្រោមឆ័ត្ររបស់អាស៊ាន តាមរយៈលេខាធិការដ្ឋានអាស៊ានផងដែរ៕