News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិនិយោគ (Investment Project Application – IPA) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ប្រតិភូក្រសួងពាណិជ្ជកម្ម អមដោយសហការី បានចូលរួមក្នុងកិច្ចប្រជុំចង្អៀត អន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាព ឯកឧត្ដម ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងទី១នៃឯកសារយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ២០២៥-២០៣០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងនាយកដ្ឋាន មន្រ្តីជំនាញ និងមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារជំនាញការនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ាង ហៀង (អៀ ស៊ីវហៀង) ដែលត្រូវជាមាតារបស់ ឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
News(ហាឡុង, វៀតណាម)៖ នាថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាឡុង ខេត្តក្វាងនិញ នៃប្រទេសវៀតណាម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ដើម្បីឈានទៅរកការបញ្ចប់ការចរចាដំឡើងកម្រិត នៅចុងឆ្នាំ២០២៤ តាមការគ្រោងទុក។