News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ បូកសរុបលទ្ធផលការងារក្នុងខែកក្កដានេះ និងការវាយតម្លៃជារួមលើលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋាន។
News(អង់ការ៉ា, តួកគីយ៉េ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹង លោក Ferudun Cevahiroğlu ប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) និងសហការី នៅទីស្នាក់ការរបស់សហព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសកម្ពុជានិងតួកគីយ៉េ។
News(កំពង់ចាម)៖ នាថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។ ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៦នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តកំពង់ចាមចំនួន២៤១នាក់ស្មើនឹង ៩៦% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២៥២នាក់។ ក្នុងនោះ ឧកញ៉ា ហួត ឈឿន បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ដោយទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន ១៤សម្លេង លើ ១៤សម្លេង ដោយអវត្តមានសមាជិកជ្រើសតាំងចំនួន១នាក់ នៃសមាជិកជ្រើសតាំងទាំងសរុប១៥នាក់៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងតំណាងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន Profitence និងសហការី ជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងយុទ្ធសាស្ត្រ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីនាយកដ្ឋានពាក់ព័ន្ធដើម្បីកែលម្អគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញបរិយាបន្នឌីជីថល និងពង្រឹងសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារសកល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលា ស្ដីពី «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី (Consumer Protection Law Enforcement Priority-Setting and Case Management)»។ សិក្ខាសាលានេះ សហការរៀបចំដោយអគ្គនាយកដ្ឋាន ក.ប.ប. និងអង្គការ GIZ និងមានវត្តមានចូលរួមពីតំណាងអង្គការ GIZ និងជំនាញការនៃគម្រោង EU-German GATE រួមទាំង លោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប ផងដែរ។