News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា មូលបទ៖ "ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្ដង់ដា គុណភាព និងទីផ្សារអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគាធិការ និង លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។ វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ជួយបំពាក់បំប៉ននិងពង្រឹងសមត្ថភាពដល់អ្នកនាំចេញ, បង្កើតឱកាសទំនាក់ទំនងនិងភាពជាដៃគូ និងបទបង្ហាញពីសក្តានុពលនៃវិស័យនាំចេញរបស់កម្ពុជា។ បន្ថែមពីនេះ ក៏មានរៀបចំជាកិច្ចពិភាក្សា និងការធ្វើបទបង្ហាញ ដោយមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ពាក់ព័ន្ធនឹងគោលនយោបាយ និងយន្តការជំរុញការនាំចេញ ច្បាប់និងបទប្បញ្ញត្តិ អនុលោមភាព និងព័ត៌មានទីផ្សារសំខាន់ៗរួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុប ផងដែរ។ សូមជម្រាបជូនថា ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំជាពន្លាសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នចំនួន ១១ ដើម្បីអនុញ្ញាតឱ្យសាធារណជនបានជ្រាប និងអាចមកទទួលសេវាសាធារណៈរបស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ ព្រមទាំងបានសម្របសម្រួលជូនក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគម ក្រសួង-ស្ថាប័ន ស្ថានទូត សរុបចំនួន ១៦៣ (៣៧ ជាក្រុមហ៊ុនបរទេស/ស្ថានទូត) សរុបស្តង់ពាណិជ្ជកម្មមានចំនួន ២៦៩ស្តង់ (៥៤ស្តង់ ជាផលិតផលនាំចូលនិងសេវាកម្មមកពីបរទេស) និងមានសហគ្រិនស្រ្តី អាជីវករ ផលិតករ ពាណិជ្ជករ សេវាករ និងវិនិយោគិនប្រមាណ ៥០០នាក់ ដែលក្នុងនោះមានផលិតផល និងសេវាកម្មចូលរួមតាំងបង្ហាញ តាមក្រុមប្រភេទរួមមាន៖ វត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអលង្ការ, ចំណីអាហារ ភេសជ្ជៈ និងគ្រឿងទេស, ផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងសំណង់, និងសេវាកម្ម ធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច និងភស្តុភារកម្ម។ --- សូមអញ្ជើញចូលរួមទស្សនាពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយសេរី! - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #CambodiaTradeExpo #CambodiaTradeExpo2025 #CTexpo #CTE-2025
News(តៃនីញ, វៀតណាម )៖ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ទៅចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញលេីការទិញ-លក់ដំឡូងមីពីកម្ពុជា។ តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់៕
News(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “មូលដ្ឋានទិន្នន័យគោលនយោបាយពាណិជ្ជកម្មសេវា (STPD) និងសន្ទស្សន៍នៃការរឹតត្បិតពាណិជ្ជកម្មសេវា (STRI)៖ ឧបករណ៍ដោយផ្អែកលើភស្ដុតាងសម្រាប់គោលនយោបាយ កំណែទម្រង់ និងការចរចា” ក្នុងសន្និសីទសកលស្ដីពីពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការៀបចំឧបករណ៍ដូចជា STPD និង STRI ដោយឧបករណ៍ទាំងនេះអនុញ្ញាតឱ្យមានការវិភាគទៅលើគោលនយោបាយពាណិជ្ជកម្មសេវា និងបទដ្ឋានគតិយុត្តរឹតត្បិតពាណិជ្ជកម្មសេវាផ្សេងៗ។ លោកជំទាវរដ្ឋលេខាធិការ បានបញ្ចាក់ថា ការវិភាគទាំងនេះផ្ដល់នូវព័ត៌មាន និងទិន្នន័យចាំបាច់ ដល់ការពិចារណាលើកំណែទម្រង់គោលនយោបាយក្នុងស្រុក ក៏ដូចជាផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយនៃកម្រិតសេរីភាវូបនីយកម្មសេវា និងការរៀបចំគោលការណ៍សម្រាប់ការចរចាពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ៕
News(Geneva, Switzerland): On Thursday, 4 December 2025, at the World Trade Organization (WTO), Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, accompanied by the officials of the Ministry of Commerce, bilaterally met and discussed with Mrs. Johana Hill, Deputy Director General of the WTO, and her colleagues to discuss expanding the bilateral cooperation between the Ministry of Commerce and WTO on services trade and technical assistance. On that occasion, Her Excellency Secretary of State thanked the WTO for accepting Cambodia’s proposal of conducting the study on benefits and challenges of Cambodia’s implementing the WTO’s Services Domestic Regulation Discipline (SDR Discipline) to promote services trade. Her Excellency deeply appreciates the training courses and workshops organized by the WTO so far and also proposed that the WTO consider conducting a workshop to disseminate the result of this study to the relevant ministries and agencies in Cambodia. As a response, Mrs. Johana Hill, DDG of the WTO, thanked Her Excellency for attending the conference and assigned her colleagues to further discuss this preparation with the officials of the Ministry of Commerce.
News(ហុងកុង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តមបណ្ឌិត Bernard Chan Pak-li អនុរដ្ឋលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់រដ្ឋបាលពិសេសហុងកុង បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងនាយកដ្ឋានកម្មសិទ្ធិបញ្ញាហុងកុង តំណាងដោយ លោក David Wong ប្រធាននាយកដ្ឋានសិទ្ធិបញ្ញា នៃតំបន់រដ្ឋបាលពិសេសហុងកុង (IPDHK)។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា ដូចការការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកចំណេះដឹងកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាព ការធ្វើពាណិជ្ជកម្មនិងពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា និងការរៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងព្រឹតិ្តការណ៍កម្មសិទ្ធិបញ្ញាផ្សេងៗ។ បន្ថែមពីនេះ អនុស្សរណៈនេះ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ការលើកកម្ពស់ការសន្ទនាកម្រិតខ្ពស់លើការអភិវឌ្ឍគោលនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា ការចែករំលែកការអនុវត្តល្អបំផុតក្នុងការផ្តល់សេវាកម្មដែលមានគុណភាព និងប្រសិទ្ធភាពដល់អ្នកពាក់ព័ន្ធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាបន័ទាំងពីរ និងអ្នកអនុវត្តកម្មសិទ្ធិបញ្ញា ឧស្សាហកម្ម ស្ថាប័ន និងអង្គការពាក់ព័ន្ធ៕