News(ណាននីង, ចិន) ៖ នារសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើកសម្ពោធ វេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ក្រោមប្រធានបទ “Opening up New Paths for Cooperation, Creating a New Future for the Region” នៅសណ្ឋាគារ Grand Metropark ដែលបានរៀបចំឡើងដោយគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន។
News(កោះកុង)៖ នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកោះកុង បានសហការជាមួយមន្ទីរនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ និងធ្វើតេស្តលើសំណាកគំរូចំនួន ២២ប្រភេទ ដើម្បីពិសោធន៍រកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផលសំណាកគំរូទាំងនោះមានអនុលោម និងពុំមានបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយឡើយ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានបន្តអប់រំដល់ប្រជាអាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋដែលជាអតិថិជន។
News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត និងមន្ទីរឧស្សាហកម្មខេត្ត មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ឈ្មួញ ម្ចាស់ចំការ អ្នកលក់ និងតំណាងធនាគារអភិវឌ្ឃន៍ជនបទ និងកសិកម្ម។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមស្វាយកំពង់ស្ពឺ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មលើផលិតផលពីស្វាយ មានសមាគមគ្រប់គ្រងច្បាស់លាស់ ងាយស្រួលទទួលបានពត៌មានទៅវិញទៅមក និងទទួលបានធាតុចូលបន្ថែម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦កេស ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម បាននាំយកទៅបំផ្លាញចោលទៅតាមនីតិវិធី។ ពិធីនេះ ធ្វើឡើងនៅទីលានចាក់សម្រាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» ជូនមន្ត្រីក្រោមឱវាទ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងម្ហូបអាហារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។