News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលបានរៀបចំពិព័រណ៍ដ៏មានអត្ថន័យនេះឡើង និងចំពោះការបន្តភាពជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយជូនដល់ប្រជាកសិករ សហគមន៍ផលិតករ និងសហគ្រាសក្នុងស្រុក។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះមិនត្រឹមតែអបអរសាទរចំពោះផ្លែឈើតាមរដូវកាលរបស់កម្ពុជាដែលមានឱជារស និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរនូវដំណើរវិវត្តន៍របស់ផលិតផលកម្ពុជា ផ្តើមចេញពីចម្ការ មកដល់ទីផ្សារ និងរហូតដល់មានវត្តមាននៅលើតុអាហារនៅជុំវិញពិភពលោកជាបន្តបន្ទាប់ ដែលដំណើរវិវត្តន៍នេះអាចសម្រេចទៅបាន ដោយសារការប្តេជ្ញាចិត្តខ្ពស់របស់បងប្អូនកសិករ ការផ្តល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ តួយ៉ាង ក្រុមហ៊ុន អ៊ីអន ខេមបូឌា។ លោកជំទាវរដ្ឋមន្ត្រី បន្តថា កសិកម្មផ្តល់នូវទិន្នផល ប៉ុន្តែទីផ្សារផ្តល់នូវវិបុលភាព ដូច្នេះ ទំនួលខុសត្រូវរបស់យើង គឺមិនត្រឹមតែជួយកសិករក្នុងការបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបន្តជួយពួកគាត់ក្នុងការធ្វើពាណិជ្ជូបនីយកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើតតម្លៃបន្ថែមពីគ្រប់ទិន្នផលដែលប្រមូលបាន និងធានាថាផលិតផលកម្ពុជាដែលមានគុណភាព បានទៅដល់ដៃអតិថិជនប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរ ក្នុងនោះមានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia, យុទ្ធនាការផលិតផលស្ត្រី #MadeByHer, ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុង និងក្រៅប្រទេស, ការជំរុញអនុលោមភាពផលិតផល និងសិទ្ធិអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់ និងសុចរិតភាពធុរកិច្ចដោយស្មើភាព, ការសិក្សាបង្កើតផ្សារលក់ដុំ ឬកន្លែងប្រមូលផ្តុំផលិតផល, ការចុះបញ្ជីជាផ្លូវការម៉ាកសមូហភាព (Collective Mark) «ទុរេនបែកអន្លូង», និងការបន្តចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរៀបចំបង្កើតម៉ាកវិញ្ញាតកម្មជាតិ (Certification Mark) ជាដើម។ គួរជម្រាបជូនផងដែរថា “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ទាំងបីទីតាំង ក្នុងរាជធានីភ្នំពេញ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា សៅ ង៉ែត ត្រូវជាម្តាយបង្កើត ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទីយប់ ដោយជរាពាធ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម និងក្រុមគ្រួសារចំពោះមរណភាពរបស់ មហាឧបាសិកា សៅ ង៉ែត ដែលជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន និងជីទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងសង្គហធម៌មិនចេះរីងស្ងួតរបស់កូនៗ ចៅៗ និងក្រុមគ្រួសារ ព្រមទាំងជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា។ ស្ថិតក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកមរណទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា សៅ ង៉ែត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
Newsសេចក្តីជូនដំណឹង៖ ស្តីពីករណីពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំទ្បុងឆ្នាំ២០២១ចុះផ្សាយដោយ សារព័ត៌មានជប៉ុន The Japanese Times នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ និងការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌៎មានវិទ្យា ក្នុងការផ្តល់សេវាសាធារណៈលើការងារចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាល www.registrationservices.gov.kh ឱ្យឈានដល់១០០%
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការនាំចេញរបស់កម្ពុជា។ ក្នុងឱកាសនោះ កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារអាទិភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សំដៅបន្តពង្រឹងប្រសិទ្ធភាពការងារជំរុញការនាំចេញ លើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានការពិភាក្សាលើការពង្រីកទីផ្សារសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា៖ ទីផ្សារប្រទេសចិន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តហៃណាំ និងតំបន់ Greater Bay Area (GBA); ទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប បារាំង និងការត្រៀមចូលរួមពិព័រណ៍ SIAL Paris 2026 ដើម្បីពង្រីកឱកាសធុរកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធានការពង្រឹង និងពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងជំរុញកំណើនការនាំចេញប្រកបដោយចីរភាព៕