(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ “វេទិកាស្វាយចន្ទី” ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា” នេះផងដែរ ក៏មានការរៀបចំសិក្ខាសាលាស្តីពី “កាលានុវត្តភាពស្វាយចន្ទីកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី សរុបប្រមាណ ១៤០នាក់។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយនិងបញ្រ្ជាបឱ្យបានទូលំទូលាយដល់គ្រប់ស្ថាប័នអន្តរវិស័យ សាធារណជន និងតួអង្គពាក់ព័ន្ធ អំពីសក្តានុពលនៃស្វាយចន្ទីកម្ពុជា ក៏ដូចជាដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បន្ថែមទៀត សំដៅលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។
ក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើប្រធានបទសំខាន់ៗដូចជា
១) ការចែករំលែកអំពីបច្ចេកទេសដាំដុះ និងផែនការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧
២) ការកែច្នៃ និងស្តង់ដារជាតិសម្រាប់ដំណាំស្វាយចន្ទី
៣) នីតិវិធីនៃការនាំចេញផលិតផលស្វាយចន្ទីទីកាន់ទីផ្សារអន្តរជាតិ
៤) ផលិតកម្ម និងទីផ្សារគ្រាប់ស្វាយចន្ទី
៥) ចំណុចធៀបស្វាយចន្ទីកម្ពុជាក្នុងទីផ្សារសកល
៦) ការចែករំលែកអំពីគោលការណ៍ឥណទានខ្សែច្រវាក់តម្លៃស្វាយចន្ទីក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ការលើកកម្ពស់ និងជំរុញសហគ្រាសធុនតូច និងមធ្យមទាក់ទងនឹងវិស័យស្វាយចន្ទី និងគម្រោងហិរញ្ញប្បទានរបស់ធនគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕



















