អគ្គនាយកដ្ឋាន ក.ប.ប. និងមន្ទីរពិសោធន៍ SPEC Bio Laboratory inc. រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពិសោធន៍ SPEC Bio Laboratory inc. រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា» ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Anzo Hiroshi ទីប្រឹក្សាបង្កើនគម្រោងនៃអង្គការ JICA (Project Formulation Advisor of JICA) ព្រមទាំងមានកាអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ផងដែរ។  

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា នេះជាលើកទី២ហើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. និង SPEC បានរៀបចំសិក្ខាសាលានេះ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) តាំងពីឆ្នាំ២០១៩ មក។ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បន្ថែមថា សិក្ខាសាលានេះមានគោលបំណងរៀបចំផែនការចុះទៅពិនិត្យទីកន្លែងផលិតដោយផ្ទាល់ ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្វះខាតក្នុងការអនុវត្តអនាម័យក្នុងផលិតកម្ម ធ្វើយ៉ាងណាកាត់បន្ថយហានិភ័យដល់កម្រិតអប្បបរមាក្នុងផលិតកម្ម ហើយការរៀបចំផែនការសកម្មភាពនេះ គឺទាមទាឱ្យមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារទាំងអស់នៅក្នុងព្រះរាជាណាចក្រម្ពុជា។

ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បញ្ជាក់ថា យោងតាមលទ្ធផលវិភាគ បានរកឃើញវត្តមានបាក់តេរីបង្កជំងឺក្នុងផលិតផលម្ហូបអាហារមួយចំនួន និងបានចុះទៅពិនិត្យនៅកន្លែងសិប្បកម្មផលិតម្ហូបអាហារដោយផ្ទាល់ ដោយមានការសម្របសម្រួលពីវិទ្យាស្ថានស្តង់ដាកម្ពុជា ហើយបានរកឃើញ និងកត់សម្គាល់នូវចំណុចខុសឆ្គងដែលជាបុព្វហេតុនៃការចម្លងបាក់តេរីទៅក្នុងផលិតផលម្ហូបអាហារ ហើយមន្រ្តីជំនាញក៏បានផ្តល់ជាអនុសាសន៍ដល់បណ្ដាសិប្បកម្ម ដើម្បីជាការកែតម្រូវខ្សែច្រវាក់ផលិតកម្មឱ្យស្របតាមស្តង់ដាអនាម័យម្ហូបអាហារ ផងដែរ។

នៅក្នុងសិក្ខាសាលានេះដែរមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញពាក់ព័ន្ធលទ្ធផលវិភាគតាមដានលើវត្តមានអតិសុខុមប្រាណនៅក្នុងម្ហូបអាហារ និងមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ SPEC បានធ្វើបទបង្ហាញលើផែនការសកម្មភាពដែលយោងលើលទ្ធផលវិភាគក្នុងឆ្នាំ២០២៣ (គោលការណ៍ HACCP និងការអនុវត្តសាកល្បងដោយផ្អែកលើផែនការសកម្មភាព HACCP) និងបទបង្ហាញលើផែនការគម្រោងរបស់អង្គការ JICA ឆ្នាំ២០២៤ (វាយតម្លៃដើម្បីធ្វើការកែតម្រូវ ការវិភាគមីក្រូជីវសាស្រ្ត និងគីមីសាស្រ្ត នៅអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសំណើធ្វើកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ)៕

https://s2.moc.gov.kh/mocspace/mocspace_1702975066293.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975071530.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081407.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081141.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081101.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081599.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975080973.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081093.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975080893.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081347.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081458.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081292.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081357.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081238.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081257.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081208.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081159.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081165.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081248.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975081340.jpg
https://s2.moc.gov.kh/mocspace/mocspace_1702975088098.jpg