(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបណ្តាអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការ និងការកំណត់អាទិភាពក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ (ដំណាក់កាលទី១) ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្រោមក្របខណ្ឌសមាហរណកម្មតំបន់ និងសកល។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងគម្រោងផែនការ ការកំណត់អាទិភាព និងមូលហេតុក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម រួមទាំងគម្រោងរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ពាណិជ្ជកម្មមួយចំនួន ឱ្យបានសមស្របតាមស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការរីកចម្រើននៃបច្ចេកវិទ្យា។