(ព្រះវិហារ)៖ នាថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្ដម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ លើកទី២ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះវិហារ សៀមរាប និងស្ទឹងត្រែង តំណាងសហគមដំឡូងមី និងពាណិជ្ជករក្នុងវិស័យដំឡូងមីក្នុងខេត្តទាំង៣ ផងដែរ។
ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញស្តីពី គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម បទបង្ហាញស្តីពី វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជម្ម ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងបានជម្រាបអំពីស្ថានភាពទូទៅនៅក្នុងខេត្ដ ជាពិសេសដំណាំដំឡូងមី ដែលមានផ្ទៃដីដាំដុះដំឡូងមីចំនួន ៣៤ ០០២ហិកតា និងទទួលបានទិន្នផលប្រចាំឆ្នាំប្រមាណ ៦៨០ ០៤០តោន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងបានលើកឡើងពីសារៈសំខាន់នៃគោលនយោបាយនេះ ព្រមទាំងបានជម្រាបជូនផងដែរអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដែលត្រូវចូលរួមអនុវត្ត ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ និងគោលបំណង ដែលបានកំណត់ក្នុងគោលនយោបាយនេះ។
សូមជម្រាបជូនផងដែរថា អង្គសិក្ខាសាលាបានបើកវេទិកាពិភាក្សា ពិគ្រោះយោបល់ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តទាំងបី រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ជូនសិក្ខាកាមផងដែរ៕








