(ឧត្ដរមានជ័យ)៖ នាថ្ងៃព្រហស្បតិ៍ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តឧត្ដរមានជ័យ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តឧត្ដរមានជ័យដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មិន ធារី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តឧត្ដរមានជ័យ ព្រមទាំងតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង តំណាងសហគមន៍ដំឡូងមី និងពាណិជ្ជករក្នុងវិស័យដំឡូងមីក្នុងខេត្តទាំង៣ ផងដែរ។
ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញស្តីពី គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម បទបង្ហាញស្តីពី វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។
ជាកិច្ចចាប់ផ្តើម លោកជំទាវអភិបាលរងខេត្តឧត្ដរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងបានជម្រាបអំពីស្ថានភាពទូទៅនៅក្នុងខេត្ដ ជាពិសេសដំណាំដំឡូងមី ដែលមានផ្ទៃដីដាំដុះសរុបចំនួន ៦៩ ១២៩ ហិចតា និងផ្តល់ទិន្នផលប្រចាំឆ្នាំប្រមាណ ១ ៣៤១ ៧៩៣ តោន ក្នុងឆ្នាំ២០២៣នេះ ព្រមទាំងបានធ្វើការនាំចេញទៅប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងថៃជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងបានលើកឡើងពីសារៈសំខាន់នៃគោលនយោបាយនេះ ព្រមទាំងបានជម្រាបជូនផងដែរអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដែលត្រូវចូលរួមអនុវត្ត ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ និងគោលបំណងដែលបានកំណត់ក្នុងគោលនយោបាយនេះ។
សូមជម្រាបជូនផងដែរថា អង្គសិក្ខាសាលាបានបើកកិច្ចពិភាក្សាពិគ្រោះយោបល់លើបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងខេត្ត ក៏ដូចជាសំណូមពរនានាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តទាំងបី រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកនូវដំណោះស្រាយដ៏សមស្របផងដែរ៕










