(បាត់ដំបង)៖ នាថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ ខេមរ៉ា បាត់ដំបង១ ខេត្តបាត់ដំបង លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រពីកម្មវិធី CAPRED។
សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំចេញជាពីរវគ្គ ដែលវគ្គពេលព្រឹក សម្រាប់ការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ រួមមាន៖ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងវគ្គពេលរសៀល មានការអញ្ជើញចូលរួមពី សភាពាណិជ្ជកម្មបាត់ដំបង សមាគម តំណាងក្រុមហ៊ុនមកពីខេត្តបាត់ដំបង និងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុបប្រមាណ ១២៥នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងប្រមូលធាតុចូល និងអនុសាសន៍តម្រង់ទិសបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម មានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបតាមតម្រូវការក្នុងប្រទេស ការអភិវឌ្ឍស្ថានភាពក្នុងតំបន់ និងសកលលោក។









