នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីប្រធានបទខាងលើដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជីវករ នៅអនុវិទ្យាល័យថាឡាបរិវាត់ ស្ថិតក្នុងស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង សាលារៀនអន្តរទ្វីបអាមេរិកកាំង ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ២២៧នាក់។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានចុះត្រួតពិនិត្យការដាក់តាំងលក់ម្ហូបអាហារ នៅតាមតូប ក្នុងបរិវេណសាលារៀន ដែលជាលទ្ធផលល្អពុំបានរកឃើញទំនិញពុំមានអនុលោមភាពដាក់តាំងលក់នោះទេ។
សូមជម្រាបជូនថា កម្មវិធីអប់រំផ្សព្វផ្សាយនេះ គឺជាយន្តការបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ជាពិសេសការការពារអ្នកប្រើប្រាស់ ដល់បងប្អូនមិត្តភ័ក្តិ និងសហគមទាំងមូលរបស់អ្នកចូលរួមទាំងនោះ ហើយតាមរយៈការអប់រំនេះ អ្នកចូលរួមបានស្វែងយល់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកប្រើប្រាស់ និងការជ្រើសម្ហូបអាហារដែលសុវត្ថិភាពយកមកបរិភោគ ក្នុងន័យការពារសុខុមាលភាពរបស់ខ្លួន៕











