ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំទ្វេភាគីជាមួយ លោក JUNG Dae Soon ប្រធានកិច្ចសហប្រតិបត្តិការ អន្តរជាតិនៃអង្គភាពប្រកាសនីយបត្រតក្កកម្មកូរ៉េ (KIPO)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ព្រុយណេ)៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rizqun ប្រទេសព្រុយណេ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំទ្វេភាគីជាមួយ លោកJUNG Dae Soon ប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពប្រកាសនីយបត្រតក្កកម្មកូរ៉េ (KIPO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនៅប្រទេសកូរ៉េ។

កិច្ចជំនួបនេះ ធ្វើឡើងដោយផ្តោតសំខាន់លើ ១). ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធស្តីពីវឌ្ឍនភាពនៃវិស័យកម្មសិទ្ធិបញ្ញារវាងប្រទេសទាំងពីរ ២). កិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានវិទ្យា ដែលគណៈប្រតិភូរបស់អង្គភាពប្រកាសនីយបត្រតកក្កកម្ម នឹងមកចូលរួមកិច្ចប្រជុំជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ និង ៣). វឌ្ឍនភាពស្តីពីការអនុវត្តគម្រោងរួមមាន៖ (១) គម្រោងស្តីពីការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិតនិងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ (Cultivation of Creation Inventive Talents in Cambodia: Implementation of National Invention and Creativity Education- Model Korea-NICE) ដែលអង្គភាព KIPO នឹងបន្តអនុវត្តគម្រោងនៅជំហានទីពីរ និង (២) គម្រោងស្តីពី One village one brand/Appropriate technology ដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានស្នើសុំជំនួយបច្ចេកទេស ទឹកឃ្មុំព្រៃមណ្ឌលគិរី ដោយប្រើប្រាស់បច្ចេកវិទ្យាសមស្រប ដើម្បីធ្វើឱ្យប្រសើរទ្បើងនៃការរក្សាទុកគុណភាព និងការសម្ងួតទឹកឃ្មុំព្រៃមណ្ឌលគិរី ដោយ KIPO នឹងបន្តជួយគាំទ្រ និងដាក់ឱ្យអនុវត្តនាឆ្នាំ២០២៦ ខាងមុខនេះ៕

https://s2.moc.gov.kh/mocspace/mocspace_1725438666319.jpg
https://s2.moc.gov.kh/mocspace/mocspace_1725438665806.jpg
https://s2.moc.gov.kh/mocspace/mocspace_1725438666034.jpg
https://s2.moc.gov.kh/mocspace/mocspace_1725438666278.jpg
https://s2.moc.gov.kh/mocspace/mocspace_1725438666200.jpg