(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON Riverside លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគណៈកម្មការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) លើកទី២ ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) គម្រោង EU-German Gate។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាសភាពសមាជិកគណៈកម្មការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA NC) មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្តោតសំខាន់លើប្រធានបទសំខានៗចំនួន ៣ រួមមាន៖ ១- ពាណិជ្ជកម្មដោយគ្មានក្រដាសស្នាម (Paperless Trading) ២- លំហូរទិន្នន័យឆ្លងព្រំដែន និងការកំណត់ទីតាំងទិន្នន័យ (Cross-Border Data Flows and Data Localization) និង៣- អត្តសញ្ញាណឌីជីថល (Digital Identities)។សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងដំណាក់កាលដ៏សំខាន់មួយ បន្ទាប់ពីកិច្ចចរចា DEFA ចំនួន ៥ជុំ ជាបន្ដបន្ទាប់ និងការត្រៀមខ្លួនសម្រាប់ការចូលរួមចរចាជុំទី៦ នាពេលខាងមុខ ខណៈដែលកម្ពុជាកំពុងស្ថិតនៅចំណុចរបត់នៃបរិវត្តកម្មឌីជីថល ដែលទាមទាឱ្យកម្ពុជាត្រូវសម្របខ្លួន និងត្រៀមខ្លួនរួចរាល់សម្រាប់ការស្រូបទាញនូវផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលនេះ។លើសពីនេះ ការចូលរួមកម្មវិធីបណ្តុះបណ្តាលនាឱកាសនេះ គឺជាសក្ខីភាពមួយដែលបានបង្ហាញនូវការប្តេជ្ញាចិត្តរួមរបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងត្រៀមខ្លួននិងការទាញយកសក្តានុពលនៃពាណិជ្ជកម្មឌីជីថលនិងសេដ្ឋកិច្ចឌីជីថល មិនត្រឹមតែសម្រាប់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់អាស៊ានទាំងមូលផងដែរ៕

