លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្ដីពី “ការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Trustmark)”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Le Royal ភ្នំពេញ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្ដីពី “ការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Trustmark)” ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងតំណាងវិស័យឯកជនពាក់ព័ន្ធ​ ប្រមាណ​ ៨០រូប​។

សម្រាប់សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃ។

សិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃ និងសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ក្នុងការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងបរិយាប័ន្ន។

សូមជម្រាបជូនថា ការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ វិញ្ញាបនបត្រនេះ នឹងជួយឱ្យអ្នកប្រើប្រាស់ទទួលបានទំនុកចិត្តខ្ពស់ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងអាចកាត់បន្ថយហានិភ័យមួយចំនួន ដូចជា ការក្លែងបន្លំ និងវិវាទ ជាដើម។ លើសពីនេះ វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយឱ្យធុរជន (អន្ដរការី ឬបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក) ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) បង្កើន​ភាពប្រកួតប្រជែង កេរ្ដិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់​ពីអ្នកប្រើប្រាស់ បានកាន់តែប្រើសើរ។

https://s2.moc.gov.kh/mocspace/mocspace_1729233562771.jpg
https://s2.moc.gov.kh/mocspace/mocspace_1729233562836.jpg
https://s2.moc.gov.kh/mocspace/mocspace_1729233562811.jpg