លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងតំបន់សេដ្ឋកិច្ចពិសេស តំណាងសភាពាណិជ្ជកម្មកម្ពុជានិងបរទេស វិស័យឯកជន និងគ្រឹះស្ថានសិក្សានៅកម្ពុជា សរុបចំនួនប្រមាណ ២០០រូប។

ថ្លែងក្នុងវេទិកានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដែលកិច្ចព្រមព្រៀងនេះជាសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។

លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ ដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ផងដែរ។

នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីក្ដីរំពឹងថា វិស័យឯកជនកម្ពុជានឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដែលការណ៍នេះស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាពេលខាងមុខផងដែរ។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមក្នុងរយៈពេល ១០ខែ នៅក្នុងឆ្នាំ២០២៤នេះ មានប្រមាណ ៧៥លានដុល្លារអាម៉េរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ (កម្ពុជាបាននាំចេញប្រមាណ៥៥លានដុល្លារអាម៉េរិក និងនាំចូលប្រមាណ ២០លានដុល្លារអាម៉េរិក)។ ក្នុងនោះ ទំនិញនាំចេញសំខាន់ៗគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួមរួមមាន៖ ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម -ល-៕

https://s2.moc.gov.kh/mocspace/mocspace_1732087998247.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998209.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998744.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998205.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998238.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998453.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998329.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998604.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998701.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998632.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998652.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998659.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998768.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998875.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998879.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998919.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998824.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087999063.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998712.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998783.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998511.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998889.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998682.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998379.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998912.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998503.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998995.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998794.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998493.jpg
https://s2.moc.gov.kh/mocspace/mocspace_1732087998999.jpg