(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យពាណិជ្ជកម្មជាច្រើនរូប។
វគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី «កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញជូនដល់អ្នកចូលរួមទាំងអស់អំពីច្បាប់និងលិខិត បទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន ៤ ដែលរួមមាន ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសជូនអ្នកចូលរួមទាំងអស់ចោទជាសំណួរ ដេញដោលដោយផ្ទាល់ជាមួយវាគ្មិនទាំងអស់តាមរយៈកម្មវិធីពិភាក្សាតុមូល ព្រមទាំងពង្រីកការទំនាក់ទំនងរវាងសមាជិក សមាជិកា ស.ស.យ.ក. វិស័យពាណិជ្ជកម្មក្នុងនាមជាសហការី និងក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. ទាំងមូល។
















