(តូក្យូ, ជប៉ុន)៖ នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ គឹម ស្រីរត្ន័ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Kazuichi Shimada ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MIRARTH Holdings រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនរូបទៀត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនMIRARTH Holdings។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅក្នុងទីផ្សារជប៉ុន ក៏ដូចជាបានពិភាក្សាពីគោលបំណងរបស់ក្រុមហ៊ុន MIRARTH Holdings ក្នុងការសហការជាមួយកម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ដើម្បីជំរុញផលិតផលសក្ដានុពលកម្ពុជា ជាពិសេសផលិតផលកសិកម្មសំខាន់ៗ ដូចជា អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុនMIRARTH Holdings ពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក លើកកម្ពស់ខ្សែច្រវាក់តម្លៃនៃផលិតផលកម្ពុជា បង្កើតឱកាសការងារក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន MIRARTH Holdings បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ជាពិសេសលើគុណភាព និងសក្តានុពលនៃផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចគោលដៅរួមក្នុងការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិ។
---
(Tokyo, Japan): On Wednesday, 22 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by Her Excellency KIM Sreyroth, Undersecretary of State of the Ministry of Commerce, held a productive meeting with Mr. Kazuichi Shimada, President and CEO of MIRARTH Holdings, and several senior executives at the company’s headquarters.
The discussions centered on advancing Cambodian cashew products into the Japanese market and MIRARTH Holdings’ objective to collaborate with Cambodia at World Expo 2025 in Osaka to promote Cambodian potential products, especially important agricultural products such as Cambodian rice, pepper, and cashew nuts.
His Excellency Secretary of State encouraged and urged MIRARTH Holdings to expand its investment and cooperation in Cambodia, especially in developing the local cashew nut processing sector, promoting the value chain of Cambodian products, creating local job opportunities, and contributing to national economic growth.
In response, the company expressed its readiness to work closely with the Export Promotion Task Force of the Ministry of Commerce to promote Cambodian cashew nuts globally, aiming to elevate their reputation on the international stage.
In conclusion, both sides reaffirmed their shared vision of strengthening ties and advancing Cambodian agricultural exports, particularly cashews, to achieve greater economic and trade outcomes for Cambodia.




