(ភ្នំពេញ)៖ នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អន្តរក្រសួង-ស្ថាប័ន វិស័យឯកជន ជាអនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការជាតិ និងដៃគូអភិវឌ្ឍន៍ផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តសកម្មភាពការងាររបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល និងការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន(RPL) និងក្រុមប្រឹក្សាជំនាញតាមវិស័យ(SSC)។ ក្នុងនោះដែរអង្គប្រជុំក៏បានចូលរួមមតិយោបល់ពាក់ព័ន្ធនឹងបញ្ហាប្រឈម និងដំណោះស្រាយលើយន្តការនៃការអនុវត្តការងារកន្លងទៅរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ព្រមទាំងទិសដៅការងារក្នុងការអនុវត្តបន្ត។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានណែនាំដល់លេខាធិការដ្ឋានប្រមូលធាតុចូលពីការចូលរួមមតិយោបល់របស់អង្គប្រជុំដើម្បីដាក់បញ្ចូលក្នុងរបាយការណ៍ និងឯកសារសម្រាប់កិច្ចប្រជុំលើកក្រោយ និងសូមស្នើសុំឱ្យសមាជិក សមាជិកានៃគណៈកម្មាធិការជាតិមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍រួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពការងារនៃគណៈកម្មាធិការជាតិបណ្តុះបណ្តាលឱ្យសម្រេចបានជោគជ័យ។



