(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយករងសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា សមាជិក សមាជិកានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងមេធាវីនិងភ្នាក់ងារតំណាងស្របច្បាប់ ធនាគារ ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសារៈសំខាន់នៃសិក្ខាសាលានេះ ក្នុងការផ្តល់ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងភាពខុសគ្នារវាងការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម ព្រមទាំងបានជម្រាបជូនពីដំណើរការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ដែលរៀបចំឡើងក្នុងគោលដៅបំពេញនូវកាតព្វកិច្ចរបស់កម្ពុជាក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងដើម្បីជំរុញការការពារដល់ម្ចាស់សិទ្ធិពាក់ព័ន្ធនឹងកិច្ចការការសម្ងាត់ពាណិជ្ជកម្ម ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺផ្តោតសំខាន់លើ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលកត្តាទាំងអស់នេះ នឹងជំរុញកម្លាំងផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានិងអាចឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា វិស័យកម្មសិទ្ធិបញ្ញា ជាវិស័យមួយដែលត្រូវបានយកចិត្តទុកផងដែរ ដូចដែលមាន កំណត់នៅត្រង់បញ្ចកោណ ទី៣ មុំទី៤ចំណុចទី៤នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយធ្វើការបន្តពង្រឹងការការពារកម្មសិទ្ធិបញ្ញានិងទ្រព្យសម្បត្តិឯកជនស្របច្បាប់ដើម្បីលើកកម្ពស់ ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងការនវានុវត្តន៍ក្នុងគោលបំណងធានាឱ្យមានការប្រកួតប្រជែងក្នុងទីផ្សារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងពិភាក្សាបន្ថែមទៀតពាក់ព័ន្ធប្រធានបទការសម្ងាត់ពាណិជ្ជកម្ម និង ប្រកាសនីយបត្រតក្កកម្ម ដើម្បីឱ្យលេខាធិការដ្ឋាននៃ គ.ក.ប ទទួលបានជាធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្មឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាជាមួយច្បាប់ពាក់ព័ន្ធ៕














