(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Michael Helleman ប្រធានផ្នែកវិនិយោគអាស៊ីនៃគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលី (Austrade) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទស្សនវិស័យក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យថាមពលបៃតង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគី Austrade ជ្រើសយកកម្ពុជាជាទីតាំងស្នូលក្នុងតំបន់ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផលិតនិងនាំចេញតាមរយៈទីផ្សារដ៏ធំទូលាយនិងការអនុគ្រោះពន្ធដ៏សំបូរបែបដែលកម្ពុជាទទួលបាន ជាពិសេសការរៀបចំបេសកកម្មធុរកិច្ចដោយនាំយកអ្នកបញ្ជាទិញពីប្រទេសអូស្រ្តាលីទៅកាន់កម្ពុជាដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដោយសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម។






