(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យស៊ីដនីអូស្ត្រាលី និងបានជួបជាមួយ សាស្រ្តាចារ្យ Gregory Fox នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ព្រមទាំងមានការចូលរួមពីសាស្រ្តាចារ្យ និងសេដ្ឋវិទូនៃសាកលវិទ្យាល័យស៊ីដនី ផងដែរ។
ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់មួយចំនួនដូចជា៖ ការកសាងសមត្ថភាពសហគ្រិនភាពជាស្រ្តី យុទ្ធសាស្រ្តសម្រាប់ការនាំចេញ ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូលើការស្រាវជ្រាវលើវិស័យ ពាណិជ្ជកម្ម ថាមពលកកើតឡើងវិញ និងការផលិតនិងកែច្នៃអាហារសម្រាប់នាំចេញជាដើម សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម។







