(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់នវានុវត្តន៍៖ កម្មសិទ្ធិបញ្ញា និងការអប់រំ” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយមានការចូលរួមផងដែរពីមន្រ្តីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម លោក លោកស្រីសាស្រ្តាចារ្យ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក និងវិស័យឯកជន ប្រមាណ ៨០នាក់។
តាមការបញ្ជាក់របស់ ឯកឧត្តមទីប្រឹក្សា បានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំទ្បើងក្នុងបំណងដើម្បីជំរុញ និងលើកកម្ពស់ការអប់រំផ្នែកកម្មសិទ្ធិបញ្ញា ដល់សាកលវិទ្យាល័យ ក្រុមហ៊ុន សហគ្រាស និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ក្នុងនោះមានប្រធានបទសំខាន់ៗមួយចំនួនត្រូវបានចែលរំលែកជូនដល់អង្គពិធីរួមមាន៖ ទិដ្ឋភាពទូទៅនៃកម្មសិទ្ធិបញ្ញា ករណីសិក្សាអំពីតួនាទីនៃប្រព័ន្ធកម្មសិទ្ធិបញ្ញាក្នុងប្រទេសកំពុងអភិវឌ្ឍ ការអប់រំកម្មសិទ្ធិបញ្ញាក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្សផ្នែកកម្មសិទ្ធិបញ្ញារបស់មជ្ឈមណ្ឌល INPIT ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមួយកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅតាមបណ្តាក្រុមហ៊ុន។
ឯកឧត្តមទីប្រឹក្សា បន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម បានបំពេញតួនាទីរបស់ខ្លួនយ៉ាងមុតមាំ ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សា បានជំរុញឱ្យសិក្ខាកាមដែលចូលរួមទាំងអស់ ផ្តល់ជាសំណួរ ឬលើកជាបទពិសោធន៍នានា ជូនដល់ អង្គសិក្ខាសាលានេះ ដើម្បីជាផលប្រយោជន៍រួមជួយដល់ជាតិ និងចូលរួមអភិវឌ្ឍន៍ការអប់រំកម្មសិទ្ធិបញ្ញារបស់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមជម្រាបជូនថា បន្ទាប់ពីសិក្ខាសាលាខាងលើ ឯកឧត្តមទីប្រឹក្សា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី TOMOMI Yoshida នាយកមជ្ឈមណ្ឌលជាតិសម្រាប់ការបណ្តុះបណ្តាលនិងព័ត៌មានកម្មសិទ្ធិឧស្សាហកម្មរបស់ប្រទេសជប៉ុន ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំកម្មវិធី សិក្សានិងអប់រំកម្មសិទ្ធិបញ្ញាសម្រាប់សិស្សវិទ្យាល័យ និស្សិតសកលវិទ្យាល័យ និងសិស្សជំនាញវិជ្ជាជីវៈនានារបស់ ប្រទេសទាំងពីរ ព្រមទាំងពិភាក្សាលើចំណុចស្របគ្នាមួយចំនួនដើម្បីអាចឈានទៅជំរុញកិច្ចសហការរបស់អង្គភាព ទាំងពីរនាពេលអនាគត៕
















