(ឌូបៃ, អេមីរ៉េតអារ៉ាប់រួម) ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ អាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងកែច្នៃ (APEDA) នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមហ៊ុនបញ្ជាទិញគ្រាប់ស្វាយចន្ទីធំៗរបស់ឥណ្ឌាចំនួន ៥ ដើម្បីស្វែងរកឱកាសលើការជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារឥណ្ឌា និងសកល។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើសមត្ថភាពផលិត ស្ដង់ដារ គុណភាព និងសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ តំណាងក្រុមហ៊ុនឥណ្ឌាបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះគ្រាប់ស្វាយចន្ទីឆៅ និងគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ដោយទទួលស្គាល់ពីសក្តានុពលនៃភាពជាដៃគូពាណិជ្ជកម្មផ្ទាល់។ គ្រាប់ស្វាយចន្ទីកម្ពុជាមានភាពល្បីល្បាញដោយសារគ្រាប់មានទំហំធំ និងរសជាតិឆ្ងាញ់ពិសេស ដែលជាទីពេញនិយមរបស់អ្នកប្រើប្រាស់។
កិច្ចជំនួបនេះក៏ជាយន្តការមួយក្នុងការស្វែងរកឱកាសពង្រីកទីផ្សារ លើកកម្ពស់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា និងការបង្កើនតម្លៃបន្ថែមក្នុងវិស័យនេះ។
---
(Dubai, United Arab Emirates): On the morning of Sunday, 23 February 2025, His Excellency SAMHENG Bora, Secretary of State, Ministry of Commerce and Chairman of the Export Promotion Task Force, and Her Excellency SOMETH Somnea, Under Secretary of State, Ministry of Commerce, engaged in strategic discussions with the Agricultural and Processed Food Products Export Development Authority (APEDA), Ministry of Commerce & Industry, Government of India, and five major Indian cashew buyers to explore opportunities for exporting Cambodian cashew nuts to the Indian market and the world.
The meeting focused on Cambodia’s cashew production capacity, quality standards, and export potential. Indian buyers expressed strong interest in both raw cashew nuts and processed kernels, recognizing the potential for direct trade partnerships. Cambodian cashew nuts are renowned for their large size kernels and unique flavor profile, making them particularly appealing to consumers.
The discussion also served as a platform to explore broader opportunities to enhance Cambodia’s cashew exports and increase value added within the sector.


