(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា “Cambodia Food Show” ដែលប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដោយមានការចូលរួមពីវាគ្មិនកិត្តយសជប៉ុន ភ្ញៀវកិត្តិយសមកពីក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន សរុបប្រមាណ ១០០នាក់។
ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងជាអន្តរជាតិអំពីវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប និងកេរ្តិ៍ដំណែលនៃការធ្វើម្ហូបរាប់ពាន់ឆ្នាំរាប់មិនអស់ ជាពិសេសសៀវភៅមុខម្ហូបខ្មែរ “The Taste of Angkor” ជាមួយនឹងការបង្ហាញអំពីការធ្វើម្ហូប (Cooking demonstration) ដោយចុងភៅខ្មែរដ៏ល្បីមកពីភោជនីយដ្ឋានលម្អង ខេត្តសៀមរាប ការតាំងបង្ហាញផលិតផលខ្មែរ និងសិក្ខាសាលាផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកម្ពុជា ក្នុងទិសដៅចូលរួមលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានសម្របសម្រួលអញ្ជើញក្រុមហ៊ុនឯកជនជប៉ុន ដែលនាំចូល និងចែកចាយលក់ផលិតផលខ្មែរនៅប្រទេសជប៉ុន ចំនួន ៩ក្រុមហ៊ុន ចូលរួមតាំងបង្ហាញផលិតផលខ្មែរ និងបានរៀបចំតាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ជ្រក់ម្រេច ដំណាប់ស្វាយ ទឹកស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ ក្រម៉ាខ្មែរ ។ល។ ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត។
- - -
(Tokyo, Japan): On the afternoon of Friday, 21 February 2025, Mr. SIN Saray, Commercial Attached to Cambodian Embassy in Japan, participated in the organizing and displaying the Cambodian products at the Cambodian Food Show, held at the Cambodian Embassy. The event was presided over by His Excellency TUY Ry, Ambassador of Cambodia to Japan, and His Excellency Kunihiko Hirabayashi, Secretary-General of the ASEAN-Japan Center, with the participation of Japanese guest speakers, guests of honor from relevant Japanese ministries and institutions, the Presidents, and representatives of Japanese companies, approximately 100 people.
The event aims to broaden international awareness of Cambodia’s sophisticated and unique food culture and the countless legacies of thousand-year-old culinary heritage, especially the Khmer cookbook “The Taste of Angkor”, in line with the cooking demonstration by a famous Cambodian Chef from Lum Orng restaurant of Siem Reap province, the exhibition, and the seminar, focusing on Cambodian culture, tourism and trade promotion activities, in order to promote the Cambodian culinary diplomacy and expand the markets for Cambodian products in Japan, under the economic diplomacy strategy.
On that occasion, Mr. Attaché coordinated to invite 9 Japanese private companies which are importing and distributing Cambodian products in Japan to exhibit the Cambodian products, and organized exhibitions of some important potential Cambodian products such as Cambodian fragrant rice, cashew nuts, Kampot peppers, pepper pickle, dried mango, mango juice, Mondulkiri coffee, palm sugar, white wine, Angkor beer, Kroma Khmer (Cambodian scarves), etc. to promote the markets in Japan and find more business partners to import and export the Cambodian products.














