ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “គោលនយោបាយ កម្មសិទ្ធិបញ្ញាសម្រាប់មជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ WIPO (TISCs) និងការិយាល័យផ្ទេរបច្ចេកវិទ្យា (TTOs)”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “គោលនយោបាយ កម្មសិទ្ធិបញ្ញាសម្រាប់មជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ WIPO (TISCs) និងការិយាល័យផ្ទេរបច្ចេកវិទ្យា (TTOs)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

សិក្ខាសាលានេះ មានការចូលរួមពីសមាជិកនៃបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ WIPO (WIPO TISCs ) រួមមានប្រទេស ថៃ វៀតណាម ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ទ្បាវ ហ្វីលីពីន ព្រុយណេ មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងមន្រ្តីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាច្រើនរូប។

តាមការបញ្ជាក់របស់ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំទ្បើងក្នុងគោលបំណងជំរុញ និងគាំទ្រ ASEAN TISCs និង TTOs តាមបណ្ដាសាកលវិទ្យាល័យ ដើម្បីបង្កើតកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញា ដោយប្រើគំរូគោលនយោបាយកម្មសិទ្ធិបញ្ញាថ្នាក់តំបន់របស់អាស៊ាន និងផ្តល់ក្របខណ្ឌក្នុងការបង្កើត ការពារ ប្រើប្រាស់ និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញាក្នុងតំបន់ ក៏ដូចជាជំរុញការបង្កើតថ្មីនៅក្នុងអាស៊ាន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្ត និងការចែករំលែកធនធាន ក្នុងចំណោមសមាជិកនៃបណ្តាញ WIPO TISC។

បន្ថែមពីនេះ ឯកឧត្តមទីប្រឹក្សា ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសការរៀបចំបង្កើតមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សា បានលើកទឹកចិត្តដល់សិក្ខាកាមដែលចូលរួមទាំងអស់ ផ្តល់ជាសំណួរ ឬលើកជាបទពិសោធន៍នានា ជូនដល់អង្គសិក្ខាសាលានេះ ដើម្បីជាផលប្រយោជន៍ក្នុងការជំរុញ និងគាំទ្របណ្តាញ WIPO TISC។

ជាមួយគ្នានេះ លោក អាន់ដ្រូ ហ្សាកកូស្គី ប្រធានផ្នែកគាំពារបច្ចេកវិទ្យា និងនវានុវត្តន៍របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានថ្លែងអំណរគុណចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក ជាពិសេសកិច្ចសហការក្នុងការរៀបចំកម្មវិធីសិក្ខាសាលាខាងលើ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់សមាជិកនៃបណ្តាញ WIPO TISC ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សមត្ថភាព៕

https://s2.moc.gov.kh/mocspace/mocspace_1740574125137.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125387.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125166.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125300.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125204.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125394.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125381.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125656.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125525.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125657.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125376.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125526.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125141.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125245.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125654.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125343.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125306.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125297.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125239.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125523.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125337.jpg
https://s2.moc.gov.kh/mocspace/mocspace_1740574125659.jpg