(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្ម មន្ទីរអង្គភាពក្រោមឱវាទខេត្ត-ជុំវិញខេត្ត បងប្អូនអាជីវករ ផលិតករ តំណាងក្រុមហ៊ុន សហគ្រាស សមាគម និងសិស្សនិស្សិត ប្រមាណ២០០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប។ ឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលជានិច្ចកាលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អនិងយ៉ាងជិតស្និតជាមួយក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏ដូចជាព្រឹត្តិការណ៍នានា ដែលផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម និងបានស្នើឱ្យស្មារតីសហការប្រកបដោយអន្តរកម្ម និងបុរេសកម្មនេះនៅបន្តបន្ថែមទៀត ដើម្បីអនុវត្តកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺមានសារៈសំខាន់ និងបានជះផលវិជ្ជមានផងដែរដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។ ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែលមានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តការផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ប្រៀបបានឹងសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេស ហើយតាមរយៈការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើចំនួន ១៧លើក កន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជាក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេសអនុវត្តយ៉ាងយកចិត្តទុកដាក់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដល់ធុរជន និងវិនិយោគិន តាមរយៈយន្តការសំខាន់ៗ រួមមាន៖
១. កិច្ចសម្រួលពាណិជ្ជកម្ម៖ ការធ្វើសមាហរណកម្មសេវាកម្មពាក់ព័ន្ធនឹងពាណិជ្ជកម្ម រួមមាន ការបញ្ចូលការចុះបញ្ជីពាណិជ្ជកម្មទៅក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទៅក្នុងប្រព័ន្ធបញ្ហារតែមួយជាតិ (NSW) ដើម្បីលើកកម្ពស់ឌីជីថលូបនីយកម្មលើការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម, ការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលសេវានាំចេញ, ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) ក្រោមការគាំទ្រពីដៃគូអភិវឌ្ឍន៍ (CAPRED) , បណ្តាញទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម Commerce Call Center (១២៦៦) និងការធ្វើពិពិធកម្មទំនិញ ជាពិសេសជំរុញការនាំចេញនូវផលិតផលគុណភាពខ្ពស់កម្ពុជា (Premium Products) និងទំនិញពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI Products) ព្រមទាំង ការបង្កើតក្រុមការងារជំរុញការនាំចេញ ដែលមានតួនាទីពិនិត្យ និងស្វែងយល់ពីនិន្នាការទីផ្សារថ្មីៗ ដើម្បីពង្រឹងសមត្ថភាព និងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។
២. ការធ្វើពិពិធកម្មទីផ្សារ៖ កម្ពុជាជាប្រទេសសមាជិកអាស៊ាន ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយដៃគូ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម(CEPA)។ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តធ្វើពិពិធកម្មទីផ្សារដោយចរចាបើកទីផ្សារថ្មីៗបន្ថែមទៀតផងដែរ។
៣. ការកសាងច្បាប់ និងបទប្បញ្ញត្តិ៖ ក្រសួងបានពិនិត្យឡើងវិញនូវច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីវាយតម្លៃពីភាពពាក់ព័ន្ធនិងវិបាកលើពាណិជ្ជកម្មក្នុងប្រទេស និងបរិយាកាសធុរកិច្ច ជាពិសេសអនុលោមភាពជាមួយនឹងច្បាប់អន្តរជាតិ និងបានដាក់ចេញជាអាទិភាពក្នុងការធ្វើបច្ចុប្បន្នភាពនិងការវិសោធនកម្មច្បាប់ទាំងនោះ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់ផលិតករ ពាណិជ្ជករ និងអាជីវករកម្ពុជាទាំងអស់ ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់តម្រូវការទីផ្សារ ដោយត្រូវពង្រឹងគុណភាព សោភ័ណភាព និងសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។
សូមជម្រាបជូនថា ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៨៨ និងមានស្តង់ចំនួន ១១១ ស្តង់។ ក្រៅពីដាក់តាំងបង្ហាញបន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ សិក្ខាសាលាស្តីពី៖ «កាលានុវត្តន៍ភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ», សិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ «ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា », ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd, កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហាររបស់សមាគមចុងភៅខេត្តសៀមរាប ព្រមទាំងការសម្តែងសិល្បៈនិងតន្រ្តីខ្មែររយៈពេល៣យប់ ផងដែរ៕