(ហ្សឺណែវ, ស្វីស)៖ នាថ្ងៃទី៣ ដល់ទី៧ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី៥០ ស្តីអំពី កម្មសិទ្ធិបញ្ញា និង ធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ ដែលមានការចូលរួមពីប្រទេសប្រមាណ ៥០។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍នៃកិច្ចការពារកម្មសិទ្ធិបញ្ញា និងធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ និង បន្តការពិភាក្សាលើសេចក្តីពា្រងលិខិតូបករណ៍អន្ដរជាតិ ស្តីពី កិច្ចការពារធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីធានាឱ្យបានការផ្តល់អត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន ជាពិសេសការគិតគូរទៅដល់ កម្មសិទ្ធិបញ្ញា របស់ជនជាតិដើមភាគតិច។ ឯកឧត្តមបានបន្តថា ធនធានពន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ មិនគួរត្រូវបានទទួលរងនូវការកេងប្រវ័ញ្ច ការក្លែងបន្លំ ឬការប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតពីសហគមន៍ដែលជាម្ចាស់កម្មសិទ្ធិនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តចូលរួមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសមាជិកដទៃទៀតក្នុងការបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា។
សូមបញ្ជាក់ផងដែរថា៖ លិខិតូបករណ៍អន្ដរជាតិ ស្តីពី កិច្ចការពារធនធានពិន្ទុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តិវប្បធម៌វប្បធម៌នឹងផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាឱ្យបាននូវការផ្តល់អត្ថប្រយោជន៍ជាអតិបរមា និងថែរក្សាសម្បត្តិវប្បធម៌ អត្តសញ្ញាណ ចំណេះធ្វើទំនៀមទម្លាប់ និងប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច ៕








