(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង មជ្ឈមណ្ឌលគាំពារបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs) និងការកសាងជំនាញស្រាវជ្រាវប្រកាសនីយបត្រតក្កកម្ម” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសមាជិកនៃបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ WIPO (WIPO TISCs ) រួមមាន៖ លេខាធិការដ្ឋានគ្រប់គ្រងកម្មសិទ្ធិបញ្ញា បណ្ដាសាកលវិទ្យាល័យ វាគ្មិនពីប្រទេសពីសាកលវិទ្យាល័យនៃប្រទេសហ្វីលីពីន និងមន្រ្តីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាច្រើនរូប។
តាមការបញ្ជាក់របស់ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំទ្បើងក្នុងគោលបំណងជំរុញ និងគាំទ្រ មបណ្ដាសាកលវិទ្យាល័យ ដើម្បីបង្កើតកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញា ផ្តល់ក្របខណ្ឌក្នុងការបង្កើត ការពារ ប្រើប្រាស់ និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញាក្នុងតំបន់ ក៏ដូចជាជំរុញការបង្កើតថ្មីនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្ត និងការចែករំលែកធនធាន ក្នុងចំណោមសមាជិកនៃបណ្តាញ WIPO TISC និងពីសាកលវិទ្យាល័យនៃប្រទេសហ្វីលីពីន។
បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសការរៀបចំបង្កើតមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមដែលចូលរួមទាំងអស់ ផ្តល់ជាសំណួរ ឬលើកជាបទពិសោធន៍នានា ជូនដល់អង្គសិក្ខាសាលានេះ ដើម្បីជាផលប្រយោជន៍ក្នុងការជំរុញ និងគាំទ្របណ្តាញ WIPO TISC។
ជាមួយគ្នានេះ លោកស្រី Nathalie Montillot មន្រ្តីគ្រប់គ្រងកម្មវិធីនៃផ្នែកគាំពារបច្ចេកវិទ្យា និងនវានុវត្តន៍របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) បានថ្លែងអំណរគុណចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក ជាពិសេសកិច្ចសហការក្នុងការរៀបចំកម្មវិធីសិក្ខាសាលាខាងលើ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់សមាជិកនៃបណ្តាញ WIPO TISC ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សមត្ថភាព៕





















