ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៅទីបញ្ជាការដ្ឋានកាំភ្លើងធំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវការសួរសុខទុក្ខ ផ្តាំផ្ញើពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ នៃកងកាំភ្លើងធំ ដែលបានខិតខំ ពុះពារ លះបង់ ដោយមិនខ្លាចនឿយហត់ ដើម្បីការពារសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋានបង្អែករឹងមាំ ក្នុងការអភិវឌ្ឍជាតិមាតុភូមិ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងឱកាសនៃការសួរសុខទុក្ខនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួន រួមមាន៖ អង្ករ, មីជាតិ, ទឹកត្រី, ទឹកស៊ីអ៊ីវ, សៀងផ្អែម ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ ពៅ សុខា មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលតែងតែផ្តល់នូវការជួយលើកទឹកចិត្តឧបត្ថម្ភគាំទ្រទាំងសម្ភារ: និងថវិកា ក្នុងស្មារតីផ្សាភ្ជាប់រវាងអង្គភាពសមរភូមិក្រោយ និងអង្គភាពសមរភូមិមុខ ជាពិសេសគឺ ជួយកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីបញ្ជាការដ្ឋានកាំភ្លើងធំ ដែលជាសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា និងការជួយទ្រទ្រង់លើកស្ទួយជីវភាពរស់នៅ របស់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ទាំងនៅទីបញ្ជាការផ្ទាល់ និងទាំងនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ដែលកំពុងឈរជើងនៅតាមទិសនៃខេត្តជាប់ព្រំដែន។​

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេពតាឆ្នាំថ្មី ព្រះនាងគោរាគ:ទេវី ដែលនឹងយាងចុះមកក្នុងពេលឆាប់ៗខាងមុខនេះ សូមជួយបីបាច់ថែរក្សា ប្រោះព្រំពរជ័យ សិរីបវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការ ជូនដល់ ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៃកងកាំភ្លើងធំទាំងអស់ និងសូមឲ្យជួបនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណ: សុខ: ពល: ជាពិសេសសូមឲ្យទទួលបានជោគជ័យ ក្នុងបុព្វហេតុការពារទឹកដី ការពារជាតិមាតុភូមិ និងប្រជាជន៕

https://s2.moc.gov.kh/mocspace/mocspace_1744103895517.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895041.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895209.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895372.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895383.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895541.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895410.jpg
https://s2.moc.gov.kh/mocspace/mocspace_1744103895389.jpg